(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកមពុជាខេត្ត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចំនួន២០០នាក់ ដែលមកពីសាលា វិទ្យាល័យសម្ដេចឪ, វិទ្យាល័យព្រះមុនីវង្ស, វិទ្យាល័យ នេតយ៉ង់, វិទ្យាល័យជ្រៃ ស្រុកថ្មគោល និងវិទ្យាល័យអន្លង់វិល ស្រុកសង្កែ។
លោក សុខ លូ បានថ្លែងកោតសរសើរនាយកសាលា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា និងចូលរួមអប់រំ ផ្សព្វផ្សាយបណ្ដុះស្មារតី នៃវប្បធម៌ចែករំលែក ក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងព្យាយាមពង្រឹង និងពង្រីកសមត្ថភាពយុវជន និងបណ្ដាញយុវជនកាន់តែច្រើនជាបន្ដបន្ទាប់ថែមទៀត។
លោកបញ្ជាក់ថា ការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នាឱកាសនេះគឺជាចំណែកថ្មីមួយទៀត ក្នុងការពង្រឹង និងពង្រីកបណ្ដាញយុវជនដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ចលនាអន្ដរជាតិ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
លោក សុខ លូ សង្ឃឹមជឿជាក់ថា យុវជនកាកបាទក្រហមកម្ពុជា ទាំងអស់នឹងបន្ដចែករំលែកនូវចំណេះថ្មីៗដែលខ្លួនមាន ជូនដល់សិស្សផ្សេងទៀតឲ្យបានដឹង និងយល់កាន់តែច្បាស់ពីកាកបាទក្រហមកម្ពុជា ជាពិសេសបន្ដគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបស្របតាមតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួន។
ទន្ទឹមនឹងនោះ លោកបានណែនាំដល់យុវជនកាកបាទក្រហមកម្ពុជានាពេលនេះ បន្តខិតខំរៀនបន្ថែមទៀត ក្នុងនាមជាសសរទ្រូង នៃប្រទេសជាតិ ហើយត្រូវបន្តគោរពច្បាប់ចរាចរណ៍ ដែលបានកំណត់ឲ្យបានខ្ជាប់ខ្ជួន ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តគំរាមកំហែងដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់យើង អត្រាការស្លាប់កាន់តែច្រើនទៅៗ។
លោកបានបន្តណែនាំដល់សិស្សានុសិស្ស ត្រូវរក្សាអនាម័យបរិស្ថានជុំវិញឲ្យបានស្អាត រស់នៅស្អាត ហូបស្អាតជានិច្ច និងសូមបន្ដធ្វើសកម្មភាពទាំងឡាយណា ដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ដោយធ្វើខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ចៀសវាងចាញ់បោកការឃោសនារបស់ជនអគតិមួយក្ដាប់ តូចដែលតែងតែបំពុលសង្គមតាមគ្រប់រូបភាពនានាលើបណ្ដាញសង្គម ជាពិសេសត្រូវចៀសផុតឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន៕