(កែប)៖ លោកបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងជាប្រធានលេធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បាននាំយកពូជបន្លែ ចំនួន៥មុខ និងដំណាំរួមផ្សំផ្សេងៗ ដែលជាផ្ដល់ជូនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ មកពី១១ភូមិ នៃឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើ ខេត្តកែប នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែកពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ចំនួន៥មុខ ជូនប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីជំរុញដល់ការដាំដុះលក្ខណៈគ្រួសារ និងការចូលរួមចំណែកពង្រឹងសុវត្ថិភាពស្បៀង តាមគ្រួសារក្នុងសហគមន៍ផងដែរ។

ទន្ទឹមនេះ លោកអភិបាលខេត្ត រំពឹងខ្ពស់ថា ក្រោយពីទទួលបាននូវពូជដំណាំទាំងនេះ ប្រជាពលរដ្ឋនឹងយកទៅដាំដុះលើផ្ទៃដីរៀងៗខ្លួន ហើយចន្លោះ២ខែ ទៅ៣ខែខាងមុខទៀត ពលរដ្ឋនឹងទទួលបានផ្លែផ្លា ពីគ្រាប់ពូជទាំងនេះ ដើម្បីទទួលទានផង និងលក់តាមបណ្តាផ្សារក្នុងមូលដ្ឋានខេត្តកែបនេះផង។

បច្ចុប្បន្នខេត្តកែប មានផ្សារចុងសប្តាហ៍មួយ កំពុងលក់ផលដំណាំ និងភោគផលធម្មជាតិចម្រុះជាច្រើនមុខ ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមូលផលបាន ដោយផ្សារនេះបើកលក់រៀងរាល់សប្តាហ៍ (សៅរ៍ -អាទិត្យ) ចាប់ពីម៉ោង៧ព្រឹកតទៅ ហើយទទួលបានការគាំទ្រពីពលរដ្ឋក្នុងតំបន់៕