(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសនូវយុទ្ធសាស្ត្រដែលជាកម្មវិធីអាទិភាពចំនួន៤ ដើម្បីគាំទ្រនយោបាយអភិវឌ្ឍន៍តំបន់ជនបទឱ្យមានការរីកចម្រើនថែមទៀត និងជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព។

ការដាក់ចេញយុទ្ធសាស្ត្រអាទិភាពទាំងនេះ ក្នុងឱកាសដែលលោករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងអង្គភាពក្រោមឱវាទក្រសួង និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

លោករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ក៏ដូចជាសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា ដែលសម្រេចបានក្នុងនីតិកាលកន្លងមក​ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

នាឱកាសនោះ លោកបានបញ្ជាក់ថា ក្នុងនិតិកាលទី៧ នៃរដ្ឋសភានេះ ផ្អែកតាមចក្ខុវិស័យខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទនឹងខិតខំបន្តកសាងសមិទ្ធផលថ្មីបន្ថែម ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រដែលជាកម្មវិធីអាទិភាពចំនួន៤ ដើម្បីគាំទ្រនយោបាយអភិវឌ្ឍន៍តំបន់ជនបទឱ្យមានការរីកចម្រើនថែមទៀត ដូចខាងក្រោម៖

កម្មវិធីទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទសមាហរណកម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ។

កម្មវិធីទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជននៅជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព។

កម្មវិធីទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅជនបទ។

កម្មវិធីទី៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់៕