(ភ្នំពេញ)៖ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្មីៗនេះ បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ ជាការណែនាំដែលក្រសួងត្រូវតែធ្វើនៅឆ្នាំ២០២៣នេះ។
សម្រាប់អ្នកតាមដានសង្គម គោលនយោបាយថ្មីនេះ ដើម្បីជួយសម្រាលបន្ទុកចំណាយផ្នែកថែទាំសុខភាពរបស់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារក្នុងបន្ទុកដែលមានដូចជាប្តីឬប្រពន្ធ និងកូនដែលជាធម្មតាការចំណាយលើការថែទាំសុខភាព សម្រាប់សមាជិកគ្រួសារម្នាក់ ជាមធ្យម ៥% នៃចំណាយសរុបប្រចាំខែឬជាមធ្យមក្នុងរង្វង់២០ដុល្លារ ឬ៤០ដុល្លារដែលជាការចំណាយលើការព្យាបាល។ ប៉ុន្តែតាមរយៈយន្តការរបបសន្តិសុខសង្គមរបស់រដ្ឋាភិបាលសមាជិកគ្រួសារកម្មករនិយោជិតចំណាយតែ ១៥៦០០រៀល ( ស្មើប្រមាណ ៤ដុល្លារអាម៉េរិក ) ក្នុង១ខែប៉ុណ្ណោះនឹងទទួលបានការថែទាំសុខភាព ដោយមិនបង់ប្រាក់នៅតាមគ្រឹះស្ថានដែលជាដៃគូរបស់ប.ស.ស.។
នេះជាការគិតគូរថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សូមបញ្ជាក់ថា ប.ស.ស ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គម អនុលោមតាមអនុក្រឹត្យ ហើយត្រូវបានដំណើរការ នៅចុងឆ្នាំ២០០៨។
ចាប់តាំងពីពេលនោះមក ប.ស.ស បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់បុគ្គលិកកម្មករនិយោជិត នៅក្នុងវិស័យឯកជន ដែលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ការងារ។ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចឱ្យ ប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ចាប់ពីឆ្នាំ២០១៧។
បន្ថែមលើនេះ កាលពីខែតុលា ឆ្នាំ២០២២ ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ឬប្រាក់ចូលនិវត្ត អនុវត្តក្នុងវិស័យឯកជន លើបុគ្គលិក កម្មករនិយោជិត រួមទាំងកម្មករកាត់ដេរ ដែលជាសមាជិក មានបណ្ណ ប.ស.ស។ ថ្មីៗនេះទៀត ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដោយការធានាឱ្យបាននូវសន្ដិសុខបា្រក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម ប.ស.ស ក៏បានដាក់ឱ្យអនុវត្តផ្នែកថែទាំសុខភាព សម្រាប់អ្នកបម្រើការងារតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបរបរផ្ទាល់ខ្លួន។
អ្នកបម្រើការងារតាមផ្ទះ និងអ្នកប្រកបរបរផ្ទាល់ខ្លួន ដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ផាសអេប អ្នកលក់ទឹកអំពៅ អ្នកលក់ដូរតាមរទេះ ជាដើម ត្រូវបានកំណត់ឱ្យបង់ប្រាក់ ម្នាក់ ត្រឹមតែ ១៥៦០០រៀល ឬស្មើនឹង ៤ដុល្លារអាមេរិក ក្នុង ១ខែប៉ុណ្ណោះ។
ក្នុងសង្គមយើង បច្ចុប្បន្ន មិនថា ទៅពេទ្យរដ្ឋ ឬពេទ្យឯកជនទេ គឺត្រូវចំណាយលុយច្រើន បើសិនជាឈឺម្តងៗ។ ពោលគឺលើសពី ១៥៦០០រៀល ដែលត្រូវបង់ភាគទាន ជាមួយប.ស.ស ក្នុង ១ខែទៅទៀត។ ដូច្នេះបើសិនជាសមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់កម្មកនិយោជិត ដែលមានបណ្ណប.ស.ស អាចចូលរួមប្រើប្រាស់ប.ស.ស ដើម្បីទទួលបានការថែទាំសុខភាព ដោយមិនបង់ប្រាក់ដែរនោះ គឺប្រាកដណាស់ ពិតជាជួយសម្រាលបន្ទុកដល់កម្មករនិយោជិត ក្នុងវិស័យការងារ ពិសេសលើបងប្អូនកម្មករកាត់ដេរបានយ៉ាងច្រើន។
ប៉ុន្តែទន្ទឹមនឹងដំណឹងល្អនេះ ក៏សូមឱ្យ ប.ស.ស សហការជាមួយនឹងពេទ្យដៃគូ មិនថា ពេទ្យរដ្ឋ ឬពេទ្យឯកជនទេ ត្រូវបង្កើនការទទួលខុសត្រូវ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នៅពេលទៅពិនិត្យ និងព្យាបាលជំងឺ ព្រោះថា កន្លងមក តែងតែឮនូវការលើកឡើងថា តាមមន្ទីរពេទ្យមួយចំនួន មិនសូវយកចិត្តទុកដាក់លើអ្នកជំងឺ ដែលមានបណ្ណប.ស.ស ដូចជា អ្នកជំងឺត្រូវរង់ចាំយូរ ហើយតាមមន្ទីរពេទ្យរដ្ឋខ្លះ អ្នកជំងឺ ដែលកាន់បណ្ណប.ស.ស ហើយ ត្រូវបង់លុយថែមលើការពិនិត្យ និងព្យាបាលជំងឺ ជាដើម។ ទាំងនេះ សុទ្ធសឹងតែជាចំណុចដែលធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីអ្នកប្រើប្រាស់មកលើប.ស.ស.ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនក្នុងចំណោមសាធារណៈជន។
យ៉ាងណាក៏ដោយ អនុសាសន៍របស់ សម្តេចនាយករដ្ឋមន្ត្រីចំពោះការពង្រីករបបសន្តិសុខសង្គមសម្រាប់ក្រុមគ្រួសារកម្មករនេះ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរព្រោះម្ខាង នឹងជួយដល់កម្មករនិយោជិត និងក្រុមគ្រួសារកាត់បន្ថយការចំណាយសន្ធឹកសន្ធាប់លើការព្យាបាលដែលធ្លាប់តែជាបន្ទុក ហើយម្ខាងទៀតកម្មករនិយោជិតនឹងអាចសន្សំប្រាក់បានច្រើនជាងមុនហើយទន្ទឹមនឹងនោះក៏ទទួលបានសេវាកម្មព្យាបាលដែលមានគុណភាព និងប្រសិទ្ធភាពពីដៃគូរបស់ប.ស.សផងដែរ។ នេះគឺជាផ្នែកមួយដ៏ធំក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករឱ្យកាន់តែប្រសើរឡើងព្រោះរដ្ឋមានយន្តការពារឃុំគ្រងលើការចំណាយចាំបាច់របស់កម្មកររួចទៅហើយដែលធ្វើឱ្យជីវភាពកម្មករធន់នឹងការប្រែប្រួលនៃសេដ្ឋកិច្ច៕