(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំក្រុមការងារក្រសួង ក្នុងនាមតំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ចនៅចំពោះមុខគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ និងគណៈកម្មការជំនាញរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក ហួត ហាក់ បានជម្រាបជូនអង្គប្រជុំថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលយល់ឃើញថា វិស័យអធិការកិច្ចជាមូលដ្ឋានសំខាន់ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងគុណភាពស្ថាប័នសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ការប្ដូរឈ្មោះមកក្រសួងអធិការកិច្ច គឺពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវការពន្យល់ និងមតិបំភ្លឺរបស់លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួសមុខឱ្យគណៈកម្មការរដ្ឋសភា លោក អង្គ វង្ស វឌ្ឍានា បានសម្តែងនូវការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុងដោយពុំមានការកែប្រែ។ គណៈកម្មការទី៦ នឹងធ្វើសំណើទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាពេលខាងមុខ ដោយចាត់ទុកជាការប្រញាប់៕