(ព្រះវិហារ)៖ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់គ្រឹះស្ថានពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប ជួយបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្តទៀត លើការងារអក្ខរកម្ម ក៏ដូចជាការអប់រំទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងស្មារតីដើម្បីបន្តការចូលរួមលើកកម្ពស់ការងារអក្ខរកម្ម នៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

ការថ្លែងអំពាវនាវបែបនេះរបស់លោក ណុះ ស្លេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាតំណាងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច» នៅខេត្តព្រះសីហនុ។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី ជាប្រតិភូអមដំណើរ និងលោក លោកស្រី ជាអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកសូមសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូអមដំណើរ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះនៅលើទឹកដីខេត្តព្រះវិហារ។

លោកថា រដ្ឋបាលខេត្តព្រះវិហារ ពិតជាមានកិត្តិយសណាស់ ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានផ្ដល់កិត្តិយសជ្រើសរើស ឲ្យខេត្តព្រះវិហារ រៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច» ក្នុងអត្ថន័យជំរុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឲ្យទទួលបានការសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ សំដៅសម្រេចឲ្យបាននូវការអភិវឌ្ឍធនធានមនុស្ស ស្របតាមទិសដៅ យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។

លោក ណុះ ស្លេះ បានអានសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើប្រជាពលរដ្ឋ ពន្លឿនកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងជំរុញអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ។

លោករដ្ឋលេខាធិការ បានថ្លែងបន្តថា ប្រធានបទឆ្នាំនេះ បានបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់អក្ខរកម្មតាមគ្រប់រូបភាព និងជាការផ្ដល់ឱកាសសារជាថ្មីដល់អ្នកសិក្សា ជាពិសេសអ្នកដែលមានសេដ្ឋកិច្ចទន់ខ្សោយ ជនបាត់បង់ឱកាស ពលរដ្ឋក្រីក្រ កុមារ យុវជន និងជនជាតិដើមភាគតិច ដើម្បីឲ្យពួកគាត់មានសមត្ថភាពក្នុងការអាន សរសេរ គិតលេខ និងអាចដោះស្រាយបញ្ហាមួយចំនួននៅក្នុងជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង។

សារលិខិតដដែលនេះ លើកឡើងទៀតថា ជាការពិតណាស់អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង និងការអប់រំ ដែលជួយមនុស្សគ្រប់រូបអាចយល់ដឹងពីប្រភេទព័ត៌មានទូទៅ និងទទួលបាននូវចំណេះដឹងថ្មីៗ ព្រមទាំងបង្កើនឱកាសក្នុងការកែលម្អគុណភាព នៃជីវិតមនុស្ស និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិតផងដែរ។

លោក ណុះ ស្លេះ ក៏បានថ្លែងអំពាវនាវដល់គ្រឹះស្ថានពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវជួយបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការអប់រំទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងស្មារតីនេះដើម្បីបន្តការចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕