(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) រៀបចំដោយលោក Jan Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បណ្តាអង្គទូតមួយចំនួនប្រចាំកម្ពុជា។

បន្ទាប់ពី ឯកអគ្គរដ្ឋទូត Jan Yun Gon ប្រកាសថ្លែងនូវការអបអរសាទរខួបទី៧៥ យ៉ាងក្លៀវក្លាជាមួយភ្ញៀវកិត្តិយសរួចមក លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបង្ហាញនូវចំណាប់ ជាពិសេសចំពោះចំណងការទូតដ៏រឹងមាំរវាង ប្រទេសទាំងពីរថា ប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបង្កើតទំនាក់ទំនងការទូតថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤ ដែលត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្តេច ព្រះបាទនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមេដឹកនាំដ៏អស្ចារ្យលោក គីម អ៊ីលស៊ុង នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

កម្ពុជាពិតជាចងចាំជានិច្ចនូវគ្រាដ៏លំបាកពីអតីតកាលនៅពេលដែល ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទទួលបាននូវបដិសណ្ឋារកិច្ចប្រកបដោយភាពរួសរាយរាក់ទាក់ និងកក់ក្តៅបំផុតពីសំណាក់មេដឹកនាំដ៏ឆ្នើម គីម អ៊ីលស៊ុង អំឡុងពេលដែលព្រះបាទ «ព្រះបរមរតនកោដ្ឋ» ស្នាក់នៅទីក្រុងព្យុងយ៉ាង ហើយទំនាក់ទំនងកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានពង្រឹងនិងផ្សារភ្ជាប់ចំណងមិត្តភាពបែបប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អជាលំដាប់។

លើសពីនេះ លោក នេត ភក្រ្តា បានបន្ថែមថា ឆ្នាំក្រោយគឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរបស់យើង (២០ ធ្នូ ១៩៦៤-២០ ខែធ្នូ ២០២៤) លោកសង្ឃឹមជឿជាក់ថា ប្រទេសកម្ពុជា និងសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅបន្តរក្សាទំនាក់ទំនងមិត្តភាព និងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការល្អទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន យើងទាំងពីរក្រោមដំបូលសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់ផងដែរ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា សូមគោរពជូនពរលោក គីម ជុងអ៊ុន មេដឹកនាំមគ្គុទេស៍ឯករបស់សាធារណរដ្ឋសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ សូមមានសុខភាពល្អ និងអាយុយឺនយូរផងដែរ៕