(កណ្តាល)៖ ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋបន្តបន្ទាប់ នៅតំបន់ដែនឡូរអភិរក្ស ដែលជាជម្រកមេពូជត្រី បង្កាត់ពងកូនត្រី ដោយមានក្រុមជនខិលខូច កំពុងឈូសឆាយដីព្រៃលិចទឹក និងជីកបៀរស្រះ ថែមទាំងកាប់ឆ្ការព្រៃលិចទឹក ធ្វើឲ្យពូជត្រីវិនាសហិនហោចនាថ្ងៃអនាគត កម្លាំងសមត្ថកិច្ចជលផលខេត្តកណ្ដាល បានបើកប្រតិបត្តិការបង្ក្រាប ជាបន្តបន្ទាប់ ដោយបានរឹបអូសវត្ថុតាងធ្វើសកម្មភាព មានអេស្កាវ៉ាទ័រ១គ្រឿង និងទូកឆក់២គ្រឿង។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល មានចាត់មន្ត្រីក្រោមឱវាទដឹកនាំ ដោយលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង និងនាយខណ្ឌរដ្ឋបាលជលផលកណ្តាល និងមន្ត្រីជាច្រើននាក់ មកពិនិត្យជាក់ស្តែង នៅទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ដើម្បីធ្វើសកម្មភាពទប់ស្កាត់បទល្មើសជាក់ស្ដែង។ លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ការចុះពិនិត្យជាក់ស្ដែង៣ថ្ងៃជាប់ៗគ្នា នៅថ្ងៃទី០៨ខែសីហា ឆ្នាំ២០១៦ នេះ នៅតាមដងទន្លេបាសាក់ លទ្ធផលក្រុមការងារអធិការកិច្ចជលផល ដឹកនាំដោយលោក សេង ធីម នាយផ្នែករដ្ឋបាលជលផល បាសាក់ បង្ក្រាបបានអេស្កាវ៉ាទ័រ១គ្រឿង ធ្វើសកម្មភាពគ្មានច្បាប់អនុញ្ញាត្តិ នៅក្នុងតំបន់ខាងត្បូអូរអាបៃ ក្នុងភូមិលេខ៣ ឃុំប្រសាទ និងរឹបអូសទូកឆក់ចំនួន២គ្រឿង ដែលនេសាទខុសច្បាប់តាមដងទន្លេបាសាក់ ដើម្បីបញ្ជូនមកកាន់សាលាស្រុកស្អាង ចាត់ការទៅតាមច្បាប់។
លោក វ៉ិត ធារិទ្ធ បានបញ្ជាក់ទៀតថា រាល់បទល្មើសជីកបៀរ និងជីកស្រះ កាប់ព្រៃលិចទឹក ជីកប្រឡាយរណ្តៅ ឬស្រះទ្រង់ទ្រាយធំ និងសាងសង់សំណង់ថ្មីនានា ហើយបូមទឹក ដែលអាចបង្កមហន្តរាយដល់ធនធានជលផល នៅតំបន់ដែនអភិរក្ស ឡូរនេសាទ ដោយគ្មានការសិក្សាវាយតម្លៃ ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នារដូវបិទនេសាទ គឺផ្ទុយនឹងច្បាប់ជលផល។
បើយោងតាមច្បាប់ស្តីពីជលផល មាត្រា១០១ ជនណា ដែលបានព្រឹត្តិបទល្មើសជលផលថ្នាក់ទី៣ ត្រូវដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ឬបង់ប្រាក់ពិន័យពី១លានរៀល ទៅ៥លានរៀល ហើយវត្ថុតាងទាំងអស់អាចត្រូវរឹបអូស ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោលចំពោះជនណា ដែលបានប្រព្រឹត្តបទល្មើសណាមួយ ដូចជា ឈូសឆាយដីបឹង កាប់បំផ្លាញ ផ្តួលរំលំដើមឈើព្រៃលិចទឹក និងគាស់រំលើងប្រមូលគល់ឈើព្រៃលិចទឹក ពង្រីកផ្ទៃដីកសិកម្ម ឬប្រើប្រាស់ដីក្នុងបំណងផ្សេងៗ ក្រៅពិកិច្ចអភិវឌ្ឍន៍វិសយ័ជលផល នៅក្នុងតំបន់លិចទឹក ដែលជាដែនអភិរក្សពូជត្រី ដោយការពាររបស់ដែនសមត្ថកិច្ច ជលផល៕