(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺ និងច្រានចោលការចោទប្រកាន់ខុសពីការពិត មកលើលោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ករណីរត់ការចូលក្របខ័ណ្ឌ និងបើកដៃឲ្យមានប្រព្រឹត្តបទល្មើសនេសាទរបស់បរទេស ចូលដែនសមុទ្រកម្ពុជា។
សេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការចោទប្រកាន់មកលើ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដែលនាំឲ្យបាត់បង់ ជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មកលើការដឹកនាំរបស់ប្រធាននាយកដ្ឋាននគរបាលការពារ ព្រំដែនទឹក ។
ក្នុងនាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបញ្ជាក់ថា លោក ម៉េង បញ្ញា កន្លងមកជា ជំនួយការប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏ប៉ុន្តែដោយបានប្រព្រឹត្តខុសឆ្គងនឹងវិន័យកង កម្លាំងនគរបាលជាតិលេខ ០០៦ បបជ (ពាក់ព័ន្ធករណីឆបោក និងក្លែងបន្លំឯកសារសាធារណៈ) នាយកដ្ឋានបានធ្វើការកោះប្រជុំក្រុមប្រឹក្សាវិន័យវាយតម្លៃទៅលើកំហុសឆ្គងដែលជះឥទ្ធិពលអាក្រក់ ធ្វើប៉ះពាល់ដល់កិត្តិយស អង្គភាពទាំងមូល ហើយត្រូវបានក្រសួងមហាផ្ទៃចេញប្រកាសបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ តាមប្រកាសលេខ ១១៥៦ ប្រក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ មកម៉្លេះ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបដិសេធទាំងស្រុង និងសុំឲ្យអង្គភាពសារព័ត៌មាននេះ ធ្វើការកែតម្រូវឡើងវិញ ឲ្យស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន ជៀសវាងមានការប៉ះពាល់កិត្តិយស និងជះឥទ្ធិពលដល់ការដឹកនាំរបស់ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក៕