(ភ្នំពេញ)៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសជនជាតិចិន៨នាក់ ពាក់ព័ន្ធករណីចាប់ជំរិត និងកាន់កាប់អាវុធខុសច្បាប់ ដោយសម្រេចដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី១៨ឆ្នាំ ទៅ២២ឆ្នាំ តាមបញ្ញត្តិមាត្រា២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

មន្ដ្រីតុលាការ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងទៀតថា ក្នុងសាលក្រមនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏បានសម្រេចបណ្ដេញជនជាតិចិនទាំង៨នាក់នោះ ចេញពីប្រទេសកម្ពុជាផងដែរ បន្ទាប់ពីអនុវត្តទោសរួចរាល់។ បន្ថែមពីនេះ ក៏បានបង្គាប់ឲ្យឧក្រិដ្ឋជនទាំង៨នាក់ខាងលើនេះ រួមគ្នាសងសំណងចំនួន២៥ម៉ឺនដុល្លារ ទៅឲ្យដើមបណ្តឹង និងសំណងជំងឺចិត្តចំនួន (១០០លានរៀល) ផងដែរ។

ប៉ុន្ដែទោះជាយ៉ាងណា លោក កូយ សៅ ក៏បានទុកសិទ្ធិឲ្យក្រុមជនជាតិចិនទាំងអស់ ធ្វើការប្ដឹងជំនាស់នឹងការសម្រេចនេះ ទៅតាមរយៈពេលច្បាប់កំណត់ផងដែរ។

សូមជម្រាបថា តុលាការបានបើកសវនាការជំនុំជម្រះទោស ក្រុមជនជាប់ចោទកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់ «បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» យោងតាមមាត្រា ២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចអគារ SKY VILLA ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងផ្ទះលេខ៣៩ ផ្លូវL០៤ បុរីជីបម៉ុង៦០ម៉ែត ស្ថិតនៅភូមិស្រុក ចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្ទះលេខ១៨A ផ្លូវM-០៥ បុរីប៉េងហូត៥០ម៉ែត ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៣។

កម្លាំងសមត្ថកិច្ចនាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន និងបញ្ជូនខ្លួនក្រុមជនជាប់ចោទខាងលើទៅតុលាការ កាលពីអំឡុងពាក់កណ្ដាលខែមេសា ឆ្នាំ២០២៣ ក្នុងករណីចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាប្រមាណ១០លានដុល្លារ៕