(ត្បូងឃ្មុំ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីស៊ើបអង្កេតសាខា ក.ប.ប.ខេត្ត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តចុះធ្វើការអប់រំ ផ្សព្វផ្សាយ និងធ្វើបទបង្ហាញ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ៨០០នាក់ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្នារ ស្ថិតនៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក សាន វិជ្ជាសារ៉ាវុធ និងមន្ត្រីជំនាញ បានធ្វើបទបង្ហាញដល់ សិស្សានុសិស្ស ក្នុងការជ្រើសរើសទំនិញ ដែលមានគុណភាពល្អ ដើម្បីយកទៅបរិភោគ និងប្រើប្រាស់។

ទន្ទឹមនោះមន្ត្រីជំនាញ ក.ប.ប ខេត្ត បានបកស្រាយយ៉ាងក្បោះក្បាយអំពីនីតិវិធី បច្ចេកទេស និងបទពិសោធន៍ផ្សេងៗពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ជូនដល់ប្អូនៗ សិស្សានុសិស្ស ដែលបានចោទជាសំណួរ ព្រមទាំងមានរង្វាន់លើកទឹកចិត្ត ក្រោមបរិយាកាសសប្បាយរីករាយប្រកបដោយស្នាមញញឹម បានទាំងចំណេះដឹង និងវត្ថុអនុស្សាវរីយ៍។

ប្រធានសាខា ក.ប.ប ខេត្ត បានលើកឡើងថា ការបន្តចុះផ្សព្វផ្សាយជាបន្តបន្ទាប់នេះ គឺដោយយោងតាមកិច្ចព្រមព្រៀង ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការសំណូមពរពីសំណាក់លោកជំទាវរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ក្នុងការចុះអប់រំ ផ្សព្វផ្សាយ និងធ្វើបទបង្ហាញដោយផ្ទាល់ជាមួយអ្នកលក់ចំណីអាហារក្នុងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងនិស្សិត ស្តីពីសុវត្ថិភាពម្ហូបអាហារតាំងពីមេត្តេយ្យសិក្សា ដល់ឧត្តមសិក្សា នៅទូទាំងខេត្តត្បូងឃ្មុំទាំងមូល ដោយក្នុង ១ខែ បានយ៉ាងតិច ២លើក រៀងរាល់ខែតាមផែនការដែលបានគ្រោងទុក។

លោក សាន វិជ្ជាសារ៉ាវុធ គូសបញ្ជាក់ថាបន្តថា ការចុះអប់រំផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ ដល់អ្នកប្រើប្រាស់ ជ្រើសរើសយកចំណីអាហារណាដែលល្អ សម្រាប់ បរិភោគ ឱ្យមានស្តង់ដាហើយជាចំណីអាហារច្បាស់លាស់ប្រកបដោយគុណភាព។

ប្រធានសាខា ក.ប.ប ខេត្តត្បូងឃ្មុំរូបនេះ បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ ចំណីអាហារកាន់តែមានកើនឡើង ហើយការបង្រ្កាបពីសំណាក់មន្រ្តីជំនាញនៅតែសស្រាក់សស្រាំ ជាពិសេសនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់លើការនាំចូលសាច់បង្កក នៅតាមបណ្តាច្រកព្រំដែននានាចៀសវាងការប្រើប្រាស់ចំណីអាហារណា ដែលហួសសុពលភាព និងគ្មានកាលបរិច្ឆេតច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ៕