(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ បានបង្រ្កាបក្មេងទំនើងប្រុស ស្រីជិត ២០នាក់នៅទីតាំង០២ក្លែងផ្សេងគ្នា គឺនៅក្នុងខណ្ឌជ្រោយចង្វារ និង ខណ្ឌដូនពេញ។
ការបង្រ្កាបពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើឡើងអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
*ករណីទី១៖ នៅខណ្ឌជ្រោយចង្វារ ក្មេងទំនើងជាស្រ្តីវ័យក្មេងចំនួន ៧នាក់ដើរផឹកស៊ីត្រូវបានបង្រ្កាបនៅចំណុចសួនសុខា កាលពីវេលាម៉ោង ១២កន្លះអធ្រាត្រថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលពួកគេបានបង្កភាពអនាធិបតេយ្យ ក្រោមរូបភាព វៃគ្នានៅលើសួនសុខា ធ្វើឱ្យមានការភ្ញាក់ផ្អើល។ បច្ចុប្បន្នក្មេងទំនើងទាំង០៧នោះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រៀបចំនីតិវិធី។
*ដោយឡែកករណីទី២៖ ក្មេងទំនើង ចំនួន១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបបាន ក្នុងករណីទំនាស់ ជិះម៉ូតូដេញវាយគ្នា ដែលប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៦៦ (បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១ និង៣០នាទីទៀបភ្លឺ។
លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំអង្គភាពកម្លាំងអន្តរាគមន៍ពិសេស បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងទំនើងចំនួន០២ក្រុម ដោយក្រុមទី១ មានម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ និងក្រុមទី២ មានម៉ូតូចំនួន៤គ្រឿង គ្នាចំនួន៨នាក់ ដែលមានទំនាស់ដេញធាក់ម៉ូតូគ្នាបណ្តាលឱ្យដួលនៅម្តុំអង់តែនទួលគោក នៃខណ្ឌទួលគោក ហើយបានបន្តជិះម៉ូតូដេញវាយគ្នាមកដល់ចំណុចផ្លូវលេខ៥៦៦ (បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវបានកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន១២នាក់ អាយុចន្លោះចាប់ពី១៣ ទៅ១៧ឆ្នាំ រួមនឹងម៉ូតូចំនួន៦គ្រឿង នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីសាកសួរ។
ក្នុងចំណោមក្មេងទំនើងទាំង០២ក្រុមនោះក៏បណ្តាលឱ្យមានអ្នករងរបួស០២នាក់ផងដែរ៕