អាមេរិកបង្ហាញរូបភាពពីផ្កាយរណប និងចោទចិនថាកំពុងកសាងព្រលានយន្តហោះយោធា នៅប្រជុំកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង
09-08-2016 11:04
(វ៉ាស៊ីនតោន)៖ អាមេរិក បានបង្ហាញរូបភាពពីផ្កាយរណបដែលទើបនឹងថតបាន ដោយក្នុងនោះខ្លួនបានចោទប្រកាន់ ប្រទេសចិនថាកំពុងកសាងព្រលានយន្តហោះយោធា នៅលើប្រជុំកោះ ស្ព្រាតលី ដែលកំពុងមានជម្លោះក្នុងតំបន់ សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយកាសែត New York Times នាព្រឹកថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។
សម្រាប់រូបភាពថ្មីដែលទើបនឹងថតបាននេះ គឺគេពុំទាន់ឃើញមានយន្តហោះចម្បាំងនោះទេ ប៉ុន្តែក្រុមអ្នកជំនាញអាមេរិកបានអះអាងថា ព្រលានយន្តហោះដែលកំពុងកសាងនេះ វាប្រាកដណាស់ថាសម្រាប់ ឲ្យយន្តហោះចម្បាំងមកពីកងទ័ពអាកាសចិន ធ្វើការចុះចត។ យ៉ាងណាក៏ដោយនេះ គ្រាន់តែជាការអះអាងរបស់ វិទ្យាស្ថានសិក្សាអន្តរជាតិ ស្តីពីយុទ្ធសាស្ត្រ (CSIS) think thank របស់អាមេរិកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា រូបនេះត្រូវបានថតក្រោយរយៈពេលជិតមួយខែ បន្ទាប់ពីតុលាការអន្តរជាតិឡាអេ បានកាត់សេចក្តីកាលពី ថ្ងៃទី១២ ខែកក្កដា ឲ្យហ្វីលីពីនឈ្នះក្តីចិនលើបញ្ហាសមុទ្រចិនខាងត្បូង ខណៈដែលទីក្រុងប៉េកាំងប្រកែកមិនព្រម ទទួលយកសេចក្តីសម្រេចនោះឡើយ។ ប្រទេសចិនបានហៅសេចក្តីសម្រេចនោះថា ជាភាពលម្អៀង និងមិនបានយោងលើ សច្ចភាពនៃប្រវត្តិសាស្ត្រថែមទៀត ហេតុដូច្នេះវាគ្មានការឯកភាពជារួមណាមួយ ដែលនាំឲ្យចិនអាចទទួលយកបាននោះឡើយ៕