(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា អង្គការសហប្រជាជាតិ (UN) ពិសេសគណៈកម្មាធិការពិធីការរបស់ UN នឹងទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញសម្តេចឡើងថ្លែងសន្ទរកថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា ហើយគ្មានពេលរវល់ជាមួយនឹងក្រុមមកធ្វើបាតុកម្មដែលមានបំណងមិនល្អនោះទេ។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សួន សេរីរដ្ឋា បានលើកឡើងថា ក្រុមប្រឆាំងបានទទួលរងនូវបរាជ័យរបស់ខ្លួនជាច្រើន ក្នុងនោះមាន ៣ដំបង គឺមាន២ដំបង រួចហើយដែលបានសំពងក្បាលពួករត់ចោលស្រុករួចហើយ ចំណែកឯដំបងទី៣ នោះក៏កំពុងតម្រង់ក្បាលពួកគេរួចស្រេចហើយដែររួមមាន៖
* ដំបងទី១ គឺជា «ដំបងឆន្ទៈខ្មែរ» របស់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត ម្ចាស់វាសនាប្រទេសជាតិ។ លទ្ធផលបោះឆ្នោត និងចំនួនប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យទី ២៣ កក្កដា ២០២៣ កន្លងទៅរហូតដល់ ៨៤.៥៨% និង ៨២.៣% បានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នោះគឺជា «ដំបងឆន្ទៈខ្មែរ» ដែលបានរួមគ្នាសំពងក្បាលពួករត់ចោលស្រុក និងក្រុមបរិវាព័ត៌មានរបស់ពួកគេ ដែលបានខំផ្សព្វផ្សាយ ឃោសនា អូសទាញ ញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរ កុំចេញទៅបោះឆ្នោត ឬទៅគូសសន្លឹកឆ្នោតចោល។ មួយ «ដំបងឆន្ទៈខ្មែរ» នេះគឺប្រជាពលរដ្ឋខ្មែរ ចង់ប្រដៅពួករត់ចោលស្រុកថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់ត្រជាក់ត្រជុំសុខដុម នៅក្រោមដំបូលសន្តិភាព មិនល្ងង់ និងលែងល្ងង់ ចាញ់បោកនយោបាយរបស់ពួករត់ចោលស្រុកនោះទេ។
* ដំបងទី២ គឺជា «ដំបងអាស៊ាន និងដៃគូរអាស៊ាន» ដែលកំពុងសំពងពីលើក្បាលពួករត់ចោលស្រុកនេះយ៉ាងដំណំ ក្នុងពេលដែលពួករត់ចោលស្រុកនេះ បានកំពុងប្រើបណ្តាញសង្គម និងសារព័ត៌មានឧបករណ៍នយោបាយរបស់ពួកគេផ្សព្វផ្សាយថា មេដឹកនាំប្រទេសអាស៊ាននិងសហគមន៍អន្តរជាតិ គេមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា មិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងមិនទទួលស្គាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជាទេនោះ តែផ្ទុយខុសពីការឃោសនា និងការអុចអាលរបស់ពួកគេ ពេលចូលរួមប្រជុំអាស៊ាន លើកទី៤៣ នៅឥណ្ឌូនេស៊ី មេដឹកនាំអាស៊ានទាំងអស់ រួមទាំងមេដឹកនាំពិភពលោកដែលជាដៃគូររបស់អាស៊ាន បានសម្ដែងការអបអរសាទរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី របស់កម្ពុជា ហើយព្រមទាំងទទួលស្វាគមន៍ ធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជាមួយការរំលឹកនឹកគុណដល់ សម្តេចតេជោ ហ៊ុន សែន អតីតប្រធានអាស៊ានលើកទី៤២ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលលោកបានបរិច្ចាកពេលវេលា សមត្ថភាព និងបទពិសោធ រួមទាំងគនិតស្មារតីកន្លងមក ចូលរួមកសាងស្តារ និងការពារមុខមាត់អាស៊ាន ក៏ដូចជាការពារសណ្តាប់ពិភពលោក។
ដំបងទី៣ គឺ «ដំបង UN» ដូចបានដឹងថា ពួកខ្ចាត់ខ្ចាយរត់ចោលស្រុកនោះពួកគេបានកំពុងខំឃោសនា អូសទាញអ្នកនៅអាមេរិក កាណាដា និងបរទេសឱ្យចូលរួមធ្វើបាតុកម្មជាមួយគេ នៅមុខស្នាក់ការ UN នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត លោកអញ្ជើញទៅថ្លែងការណ៍នៅ មហាសន្និបាតពេញអង្គរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំនេះ។
ពួកគេខំបញ្ចូលមនោគមវិជ្ជាអុចអាលឃោសនាថា គឺធ្វើបាតកម្មទាមទារកុំឱ្យ UN ទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងដកកៅអីរបស់កម្ពុជា នៅអង្គការសហប្រជាជាតិនោះ កុំឱ្យមកខាងរដ្ឋាភិបាលកម្ពុជាបន្ត។ នេះវាជារឿងអស់សំណើចមួយចុងក្រោយ ដែលពួកគេខំសម្ដែងបោកប្រាស់ខ្មែរអ្នករស់នៅបរទេស ដើម្បីប្រមូលលុយយកចាយ នោះបើយើងយល់ច្បាស់ពីរបៀបរបបធ្វើការ ពិធីការ និងច្បាប់ធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ ហើយវាក៏ជាដំបងទី៣ ដែលហៅថា «ដំបង UN» នឹងសំពងក្បាលពួកគេចំកណ្តាលក្បាលដូចដំបងទី១ និងដំបងទី៣ ដែរ។
លោកបានបន្តទៀតថា «សរុបដំបងទាំង៣ ខាងលើដែលសំពងក្បាលពួកខ្ចាត់ខ្ចាយរត់ចោលស្រុកនេះ ជាបន្តបន្ទាប់ជាមួយនឹងមេដឹកនាំក្បត់ជាតិរបស់ពួកគេ ដែលគាំទ្រដោយសារព័ត៌មាន ដែលរកស៊ីមិនបង់ពន្ធនៅស្រុកខ្មែរនោះ ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកឯណេះវិញ ដែលកំពុងរស់នៅក្រោមដំបូលនៃសន្តិភាព និងកំពុងមានមោទនភាពជាមួយមេដឹកនាំថ្មីវ័យក្មេងនៃរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ យើងកំពុងតែរួមគ្នាច្រៀងរាំយ៉ាងសប្បាយជាមួយបទ «ឥឡូវខ្មែរមានរស្មី… ព្រះអាទិត្យថ្មី រះលើដីចាស់… ខ្មែរមានសំណាងណាស់… ប្រវត្តិសាស្ត្រ កូនរាស្ត្រដឹកនាំ…. » យ៉ាងសប្បាយរីករាយ»៕