(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាជាមួយ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជា ក្នុងគោលបំណងស្វែងរកជំនួយឧបត្ថម្ភគាំទ្រពីសហភាពអឺរុប (EU) ទាំងផ្នែកធនធាន និងបច្ចេកទេស សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ក៏ដូចជាជំរុញឱ្យសហគមន៍ទីផ្សារដ៏ធំមួយនេះ បន្តបើកទូលាយនូវការទទួលទិញផលិតផលកសិកម្មពីកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរុប។
ក្នុងកិច្ចពិភាក្សា នៅល្ងាចថ្ងៃទី៨សីហា ក្នុងទីស្ដីការក្រសួងកសិកម្ម ភាគីទាំងពីរបានផ្តោតជាសំខាន់លើបញ្ហាមួយចំនួន រួមមាន៖ ទី១.ការយកទុកដាក់ខ្ពស់ទៅលើការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីបន្ថែមទៅលើការដាំដុះដំណាំ,ទី២.ទប់ស្កាត់បទល្មើសដែលប៉ះពាល់ដល់ធនធានជលផល ទាំងទឹកសាប និងសមុទ្រ ដែលការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ត្រូវការចាំបាច់នូវការផ្តល់ធនធានមនុស្ស និងថវិកា, ទី៣.បង្កើនការអប់រំដល់ប្រជានេសាទ និងសហគមន៍នេសាទ, ទី៤.ផ្តោតលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ការរក្សាការពារព្រៃឈើ និងសត្វព្រៃ, ទី៥.ការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ឲ្យមានប្រសិទ្ធភាព និងដោះស្រាយទំនាស់ដីធ្លីឲ្យបានឆាប់រហ័ស តាមរយៈកិច្ចសហការរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរខេត្ត និងវិស័យឯកជន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឡើងពីគោលគំនិតថ្មី នៃគោលនយោបាយទាក់ទាញវិស័យឯកជន ឲ្យចូលរួមក្នុងការដាំដើមឈើជាលក្ខណៈចម្ការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយចំណុចនេះ ភាគីសហភាពអឺរុបក៏មានការចាប់អារម្មណ៍ជាវិជ្ជមាន ចង់ចូលរួមផងដែរ។
លោករដ្ឋមន្ត្រី វេង សាខុន ក៏បានស្នើសហគមន៍អឺរុប ផ្ដល់ជំនួយឧបត្ថម្ភ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការដោះស្រាយទំនាស់ដីធ្លី ប្រកបដោយតម្លាភាព ទៅតាមករណីនីមួយៗ។ លោកបានសំណូមពរទៅសហភាពអឺរ៉ុប ឱ្យជួយឧបត្ថម្ភពូជស្រូវសុទ្ធ មានគុណភាពខ្ពស់ ដល់ប្រជាកសិករខ្មែរផងដែរ។
លោករដ្ឋមន្រ្តីកសិកម្មក៏បានបញ្ជាក់ប្រាប់លោកឯកអគ្គរដ្ឋទូតអឺរ៉ុបថា ការនាំចេញបន្លែពីកម្ពុជាទៅកាន់ទីផ្សារបណ្ដាប្រទេសសហភាពអឺរ៉ុប សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យអនាម័យហ្មត់ចត់ ដូច្នេះសូមឱ្យសហគមន៍អឺរ៉ុបបើកទីផ្សារទទួលទិញផលិតផលនេះ ពីកម្ពុជាបន្តទៀតផង៕