(កំពង់ស្ពឺ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យ៥នាក់ ដែលឃាត់ខ្លួនជាមួយគ្រឿងញៀនជិត៥គីឡូក្រាម ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង៥នាក់នេះ ត្រូវឃាត់ខ្លួន២ទីតាំងផ្សេងៗគ្នា នៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋានគរបាលចរាចរណ៍ជើងគោក ដែលឈរជើងនៅគោលដៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បន្ទាប់ពីមានការសង្ស័យ ក៏ចាប់ឃាត់រថយន្តមួយគ្រឿងជាមួយជនសង្ស័យ៣នាក់ រកឃើញថ្នាំញៀញចំនួនជិត៥គីឡូក្រាម និងបានបញ្ជូនជនសង្ស័យ និងថ្នាំញៀន ដល់កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាក់ការបន្ត។
អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការនគរបាលខេត្តព្រះសីហនុ បន្តឈានដល់ឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀតភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យចំនួន៥នាក់រួមមាន៖
១៖ ឈ្មោះ KUANG ZUXIAN (KUANG ZUXIAN) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ០៩-កញ្ញា-១៩៩៧។
២៖ ឈ្មោះ YAO XIPING (YAO XIPING) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៥-សីហា-១៩៩៥។
៣៖ ឈ្មោះ LI XU (ស៊ាវចឹង) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ០៤-ឧសភា-១៩៩១។
៤៖ ឈ្មោះ សឿន សៅរ៍ណារិទ្ធ (SOEUN SAONARITH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ២២-ធ្នូ-១៩៩០។
៥៖ ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៥-មេសា-១៩៨១។
គ្រឿងញៀនដែលចាប់បានរួមមាន៖ មេតំហ្វេតាមីន (MDMA) ទម្ងន់ ៣, ៥០ក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ៨,២៨ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់ ៩,១៩ក្រាម, រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម, សរុបរួមសារធាតុញៀន ទម្ងន់ ៤០០៦,៩៧ ក្រាម (៤គីឡូ ៦,៩៧ក្រាម) រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម និងកាំភ្លើងមួយដើម។
សូមជម្រាបថា ការមកកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានថ្លែងថា ឧក្រិដ្ឋជនគ្រឿងញៀន ត្រូវតែឲ្យមន្ទីរប្រឆាំងគ្រឿងញៀនបោសសម្អាត ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ត្រូវចុះបង្ក្រាបតាមបណ្ដាខេត្ដឲ្យអស់នូវបញ្ហាគ្រឿងញៀន៕