(ភ្នំពេញ)៖ មន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ ហើយធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរ នៅលើដងផ្លូវ នៃគោលដៅខាងលើ នៅវេលាម៉ោង ៩៖១៣នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាការអនុវត្តផ្ទុយនឹងបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានព្រមាន លើកទី១។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការព្រមាននេះ ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គម។
ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍ ០១នាក់នោះ យកមកអប់រំ និងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តីនគរបាលចរាចរណ៍នេះ គឺត្រូវតែលុបបំបាត់។ ប៉ុន្តែការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ លោកស្នងការ ក៏សំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពខ្លួនឯង និងអ្នកទៃផងដែរ៕