(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការកត់សម្គាល់ចំនួន ៥ចំណុច ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ យ៉ាងដូច្នេះថា៖

១៖ «ធម្មានុរូប នៃរាជរដ្ឋាភិបាលកម្ពុជា» កន្លងទៅមានទស្សនៈនយោបាយខ្លះតែងវាយតម្លៃក្នុងផ្នត់គំនិត បង្កើតសម្មតិកម្មទុកជាមុនសម្រាប់របៀបវារៈនយោបាយប្រឆាំង ស្តីពីដំណើរការបោះឆ្នោត (២៣កក្កដា ២០២៣) និងភាពស្របច្បាប់នានា។ ផ្ទុយទៅវិញ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ លើកនេះ បានបញ្ជាក់ដោយគ្មានភាពស្រពេចស្រពិល ចំពោះមតិសាធារណជាតិនិងអន្តរជាតិ។

២៖ «សមត្ថភាពពិតប្រាកដនៃនាយរដ្ឋមន្ត្រី» ក្នុងរយៈពេលប្រមាណ៤ថ្ងៃនៅទីក្រុងហ្សាការតា នាយករដ្ឋមន្ត្រីកម្ពុជាមានកិច្ចពិភាក្សាផ្លូវការ ត្រីភាគី និងកិច្ចសន្ទនាក្រៅផ្លូវការ ៣២លើក ជំនួបប្រមុខរដ្ឋាភិបាល និងប្រធានអង្គការអន្តរជាតិជាង២០រូប ដែលរាល់ជំនួបទាំងនេះ សុទ្ធតែបានប្រើប្រាស់បញ្ញាស្មារតី ទាញយកប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជន។

៣៖ «តួនាទីកម្ពុជាក្នុងកិច្ចការតំបន់និងអន្តរជាតិ» ក្នុងដំណាក់កាលរាជាណាចក្រទី២នៃកម្ពុជា ដែលបានបន្តមរតកតាំងពីសម្តេចតេជោ ហ៊ុន សែន បន្តបង្ហាញពីតួនាទីសំខាន់របស់កម្ពុជា រួមចំណែកជាច្រើន (ជាគន្លឹះ ជាសេណារីយ៉ូ ជាអភិក្រម...) លើដំណោះស្រាយក្នុងជម្លោះនយោបាយ ជម្លោះការទូត រួមនឹងជម្លោះប្រដាប់អាវុធក្តី។

៤៖ «ផលប្រយោជន៍ការទូតសេដ្ឋកិច្ច» រាល់ការចូលរួមកិច្ចពិភាក្សាផ្លូវការ និងកិច្ចសន្ទនាក្រៅផ្លូវការរបស់ នាយករដ្ឋមន្ត្រីទាំងអស់ សុទ្ធតែបានបន្ថែមពិន្ទុលើនយោបាយការទូត និងផលប្រយោជន៍សេដ្ឋកិច្ចជាតិយើង។

៥៖ «អភិក្រមសន្តិភាព» កម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាមរាប់ទសវត្សរ៍ ដូច្នេះគុណតម្លៃនៃសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលប្រកាន់យកមកប្រើគ្រប់វេទិកាកិច្ចការអន្តរជាតិ វានឹងក្លាយទៅជាអភិក្រមដ៏សំខាន់មួយ សម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មី នាពេលបច្ចុប្បន្ននេះ។

«ជារួមខ្ញុំមើលឃើញថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថាជា «នាយករដ្ឋមន្ត្រីវ័យក្មេង សកម្មភាពរស់រវើក ឥរិយាបថស្វាហាប់ និងលទ្ធផលបញ្ជាក់ពីភាពចាស់ទុំនយោបាយ»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ៕