(ភ្នំពេញ)៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក យូន ស៊ក យ៉ល (Yoon Sok Yeol) បានសន្យាពិចារណាបង្កើនកូតា ពោលគឺបង្កើនចំនួនពលករខ្មែរចូលទៅធ្វើការនៅប្រទេសកូរ៉េឱ្យបានកាន់តែច្រើនថែមទៀត។
ការសន្យារបស់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
ទន្ទឹមនឹងការសន្យាបង្កើនកូតាពលករខ្មែរចូលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងហើយនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសន្យាបន្តលើកទឹកចិត្តក្រុមហ៊ុនកូរ៉េ ឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា កំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ។
សូមបញ្ជាក់ថា គោលនយោបាយស្វះស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយ។ សម្រាប់ការងារទៀតសោតមិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ឱ្យតែអាចផ្តល់ប្រាក់ឈ្នួលល្អប្រសើរ ផ្តល់ចំណូលទ្រទ្រង់ជីវភាពជូនប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលតែងស្វះស្វែងរកជូនប្រជាពលរដ្ឋធ្វើ។
សម្រាប់ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសផ្តល់លក្ខខណ្ឌការងារល្អប្រសើរ ហើយផ្តល់នូវប្រាក់ឈ្នួលខ្ពស់ បានរួមចំណែកធ្វើឱ្យជីវភាពពលករកម្ពុជាបានល្អប្រសើរ។ សម្រាប់ប្រទេសកូរ៉េខាងត្បូង មិនត្រឹមតែកម្ពុជានោះទេ ដែលបានបញ្ជូនពលរដ្ឋទៅធ្វើការនៅទីនោះ មានប្រទេសក្នុងតំបន់អាស៊ីជាច្រើនបាននាំគ្នាសុំការអនុញ្ញាតពីកូរ៉េបញ្ជូនពលរដ្ឋទៅធ្វើការ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ បានឱ្យដឹងថា ពលករខ្មែរដែលបម្រើការងារ នៅកូរ៉េខាងត្បូង មានចំនួនប្រមាណ ៥ម៉ឺននាក់៕