(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា និងលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា, ភាគីទាំរពីរ បានប្ដេជ្ញារួមគ្នាបន្ដពង្រឹង និងពង្រីកិច្ចសហប្រតិបត្ដិការ ដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។
ជំនួបនេះបានប្រព្រឹត្ដិទៅនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្ដីការ។
ក្នុងឱកាសនោះលោករដ្ឋមន្រ្តី ឈាង រ៉ា ក៏បានថ្លែងអំណរគុណដល់ស្ថានទូត និងប្រជាពលរដ្ឋអូស្រ្តាលី ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណងដល់វិស័យសុខាភិបាល ជាច្រើននាពេលកន្លងមកដូចជា៖
១៖ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ក្នុងគម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី២ (HSSP2)
២៖ កម្មវិធី East Asia Vision គាំទ្រកម្មវិធីជាតិសម្រាប់សុខភាពភ្នែក តាមរយៈអង្គការសុខភាពភ្នែកអូស្រ្តាលី
៣៖ កម្មវិធីដៃគូជួយសង្គ្រោះជីវិត ឆ្នាំ២០១៣-២០១៨ សម្រាប់កែលម្អសុខភាពបន្តពូជ សុខភាពមាតា និងទារកនៅខេត្តចំនួន៤ ភាគឥសានកម្ពុជា និងរោងរោងចក្រកាត់ដេរដែលបានជ្រើសរើសនៅរាជធានីភ្នំពេញ
៤៖ កញ្ចប់គាំទ្រដល់ការផ្តល់វ៉ាក់សាំងប្រកបដោយសមធម៌របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន វ៉ាក់សាំងប្រភេទ Pfizer ដែលបានផ្ដល់ជូននាខែធ្នូ ឆ្នាំ២០២១ និងទូរបង្កករក្សាវ៉ាក់សាំង សម្រាប់ចែកជូនដល់មន្ទីរសុខាភិបាល រាជធានី-ខេត្ត ទាំង២៥។
៥៖ គម្រោងកំណត់គ្រួសារក្រីក្រដំណាក់កាលទី៣ (ប័ណ្ណមូលនិធិសមធម៌សុខភាព)
៦៖ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល Health Equity and Quality Improvement Project (H-EQIP)
៧៖ គាំទ្រមូលនិធិសមធម៌សុខាភិបាល ដោយផ្ដល់ការគាំពារសុខភាពដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខភាពសាធារណៈ តាមរយៈជំនួយក្នុងការផ្ដល់សេវា។
ក្រៅពីគម្រោងខាងលើ ភាគីទាំង២បានពិនិត្យពិភាក្សាលើផែនការសកម្មភាពនៃគម្រោង ACCESS ដំណាក់កាលទី២ ក្នុងករផ្ទេរសេវាស្តារលទ្ធភាពពលកម្ម ពីក្រសួងសង្គមកិច្ច មកក្រសួងសុខាភិបាល។ គម្រោងនេះមានរយៈពេល៥ឆ្នាំ (២០២៣-២០២៨) ផ្តោតទៅលើការកែលម្អលទ្ធភាព ទទួលបានសេវាកម្មប្រកបដោយគុណភាព និងរួមបញ្ជូលសម្រាប់ជនពិការ និងអំពើហិង្សាលើយេនឌ័រនៅកម្ពុជា ដោយបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិលរួមមាន NGOs, OPDs ស្ត្រី និងជនជាតិដើមភាគតិច ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពជាតិ បង្ការអំពើហឹង្សាប្រឆាំងនឹងស្ត្រី (NAPVAW) និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ជនមានពិការភាព (NDSP)។
លើសពីនោះភាគីទាំង២ បានពិនិត្យពិភាក្សា និងសម្រេចផែនការសកម្មភាពសំខាន់ៗមួយចំនួន និងចាត់តាំងមន្ត្រីបង្គោលអនុវត្តគម្រោង ACCESS ដំណាក់កាលទី២ ដើម្បីធានាប្រសិទ្ធភាពការងារ។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្នើសុំភាគីដៃគូពិនិត្យលទ្ធភាពក្នុងការជួយពង្រឹងគណៈវិជ្ជាជីវៈវេជ្ជសាស្ត្រទាំង៥ រួមមាន៖ គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថ គណៈឆ្មប និងគណៈគិលានុបដ្ឋាក សំដៅធ្វើឱ្យប្រសើរឡើងនូវស្តង់ដារនៃការថែទាំសុខភាព តាមរយៈការជួយពិនិត្យឡើងវិញ លើបទប្បញ្ញត្តិរបស់គណៈវិជ្ជាជីវៈវេជ្ជសាស្ត្រទាំង៥ ព្រមទាំងជួយដល់សុខភាពឌីជីថលសម្រាប់ការលើកគម្រោងនាពេលអនាគត។
ជាការឆ្លើយតបឯកអគ្គរដ្ឋទូត បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្រ្តាលី លើវិស័យសុខាភិបាលជាបន្ថែមទៀត។
ក្នុងឱកាសនោះផងដែរ លោក Justin Whyatt ក៏បានថ្លែងអបអរសាទរ និងជូនពរលោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសបានទទួលនូវការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការអបអរសាទរនេះ និងថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលី ជាពិសេសឯកអគ្គរដ្ឋទូតដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕