(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យមូលនិធិ GX Foundation បន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការបន្ថែម ពិសេសជួយវះកាត់ជំងឺភ្នែកឡើងបាយទៅកាន់ខេត្ដផ្សេងទៀត បន្ទាប់ពីបញ្ចប់ការវះកាត់ជំងឺភ្នែកឡើងបាយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅខេត្ដព្រៃវែង។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ Emily CHAN Ying Yang នាយិកាប្រតិបត្តិមូលនិធិ GX Foundation និងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្តីការក្រសួង។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងបន្ដថា កន្លងមកនេះ មូលនិធិ GX Foundation បានចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជំនួយជាឧបករណ៍បរិក្ខារវេជ្ជសាស្ដ្រជាច្រើន ជាពិសេសនៅកំលុងការរាតជំងឺកូវីដ១៩ កាលពីកន្លងទៅ។

លើសពីនោះក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងមូលនិធិអាស៊ីសម្រាប់បង្ការភាពពិការភ្នែក ឧបត្ថម្ភដោយមជ្ឈមណ្ឌលខ្សែក្រវ៉ាត់និងផ្លូវ នៃទីក្រុងហុងកុង បានវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាជនដោយឥតគិតថ្លៃ បានជាង ៦,០០០នាក់ ដែលត្រូវបានអនុវត្ដដោយជោគជ័យ នៅខេត្ដកំពង់ចាម នាឆ្នាំ២០១៩។

ដូច្នេះដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោករដ្ឋមន្ត្រី ស្នើដល់មូលនិធិ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះទៅកាន់ខេត្តផ្សេងៗទៀត។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានថ្លែងអំណរគុណដល់ GX Foundation ដែលបានសហការ និងគាំទ្រក្រសួងសុខាភិបាល ក្នុងអនុវត្តគម្រោងលុបបំបាត់ពិការភាពដោយសារជំងឺភ្នែកឡើងបាយ «Cataract Blindness Elimination Project» ដែលកន្លងមកបានជួយវះកាត់ភ្នែកឡើងបាយជូនប្រជាជននៅខេត្តកំពង់ចាម និងនៅខេត្តព្រៃវែង ព្រមទាំងតំបន់ជុំវិញផងដែរ។

ជាការឆ្លើយតបលោកស្រីនាយិកាប្រតិបត្តិ GX Foundation បានថ្លែងអបអរសាទរ និងជូនពរលោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកស្រីនាយិកាប្រតិបត្តិមូលនិធិ បានគូសបញ្ជាក់ពីលទ្ធផលគួរជាទីគាប់ចិត្ត ដែលបានអនុវត្តនាពេលកន្លងមករួមាន នៅខេត្តកំពង់ចាម បានជួយវះកាត់ជំងឺភ្នែកឡើងបាយចំនួន ៦,២០៨ករណី និងបានជួយឧបត្ថម្ភរថយន្តសម្រាប់ចល័តពិគ្រោះ និងព្យាបាលជំងឺភ្នែកចំនួនពីរគ្រឿង និងរថយន្ត២៤កៅអី ចំនួន១គ្រឿង ជូនមន្ទីរពេទ្យបង្អែក និងមន្ទីរសុខាភិបាលខេត្ត សម្រាប់ដឹកអ្នកជំងឺភ្នែកពីភូមិ ស្រុក មកមន្ទីរពេទ្យបង្អែក និងជូនត្រឡប់ទៅផ្ទះវិញ។

រីឯនៅខេត្តព្រៃវែង GX Foundation មានកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២ និងបញ្ចប់ខែកញ្ញា ឆ្នាំ២០២៥ ដែលមានគម្រោងវះកាត់ភ្នែកឡើងបាយជូនប្រជាជនឱ្យបានចំនួន ១ម៉ឺននាក់ ក្នុងរយៈពេល៣ឆ្នាំ និងជួយឧបត្ថម្ភរថយន្តសម្រាប់ពិគ្រោះចល័ត និងព្យាបាលជំងឺភ្នែកចំនួនពីរគ្រឿង ជូនមន្ទីរពេទ្យបង្អែក និងមន្ទីរសុខាភិបាលខេត្ត។

លោកស្រី Emily CHAN Ying Yang ក៏បានប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយក្រសួងសុខាភិបាលបន្ថែមទៀត ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕