(កំពង់ស្ពឺ)៖ កូនចំនួនជាង១៥០០ដើមត្រូវបានផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ នាំយកទៅដាំចំនួន២កន្លែងផ្សេងគ្នា ក្នុងស្រុកគងពិសីតាមការណែនាំរបស់លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ ដើម្បីបង្ហាញពីចលនាបំផុសឲ្យពលរដ្ឋចូលរួម លើកកម្ពស់បរិស្ថានធម្មជាតិ និងសោភ័ណភាពស្រស់បំព្រង។
លោក ប៊ុន សម្បត្តិ នាយផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋបានឲ្យដឹងថានៅព្រឹកថ្ងៃទី ០៩ខែសីហា ឆ្នាំ២០១៦ កូនឈើជាង៥០០ដើមមាន បេង ឈើទាល ក្រញូង បាននាំយកទៅដាំនៅទំនប់អង្គកិប ឃុំព្រៈនិពាន្ត ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ និងបងប្អូនប្រជាពលរដ្ឋផងដែរ។
មួយក្រុមទៀតដឹកនាំដោយលោក តុង សេង អភិបាលរងខេត្តជាតំណាងអភិបាលខេត្ត បាននាំកូនឈើដាំជុំវិញទីតាំងមាត់បឹងស្រង់ ស្ថិតភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានកូនឈើចំរុះមាន បេង គគី កកោះ ឈើទាល ក្រញូង ចំនួនជាង១០០០ដើម ដែលបឹងនេះត្រូវបានស្តារឡើងវិញ ដោយលោក លឹម ទាឡេង នាយរងការិយាល័យទី២ កងទព័ជើងគោក និងគ្រួសារ។
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្ត បានឲ្យដឹងថា បឹងបុរាណដែលត្រូវស្តារឡើងវិញមានទទឹង ១៥០ ម៉ែត្រ បណ្តោយ ៧០០ ម៉ែត្រជម្រៅ ២,៥ ម៉ែត្រ ដែលត្រូវចំណាយប្រាក់ជិត ៥មឺុនដល្លាេជាអំណោយរបស់លោក លឹម ទាឡេង។
ថ្នាក់ដឹកនាំខេត្តបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យនាំគ្នា ចូលរួមថែរក្សាសមិទ្ធផល ដែលបានកើតឡើងនាពេលនេះ ហើយនាំគ្នាសម្អាតបឹងស្រង់នេះ កុំឲ្យខូចបរិស្ថានរួមគ្នាថែទាំកូនឈើ ដែលបានដាំហើយនេះ ឲ្យគង់វង្សទុកសម្រាប់កូនចៅយើងបានប្រើប្រាស់ផងដែរ។
លោក ប៊ុន សម្បតិ នាយផ្នែកបានបញ្ជាក់ថា កូនទាំងអស់ជាពូជកូនដែលមានអាយុវែង ហើយនាំគ្នាទាំវានិងក្លែងតំបន់នេះ ទៅជាបឹងធម្មជាតិដែលអាចទាក់ទាញភ្ញៀវ មកកំសាន្តដូចតំបន់ផ្សេង ដោយសារតែទីនេះ ជាបឹងបុរាណដែលមនុស្សជាច្រើន បានស្គាល់ឈ្មោះបឹងស្រង់ នេះជាយូរមកហើយ៕