(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានលើកទឹកចិត្តនិងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងឱ្យបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងរួមសហការគ្នាបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។

ការណែនាំនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់កណ្តាលកម្រិតការិយាល័យ និងថ្នាក់មន្ទីរក្រសួងធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការដឹងគុណគោរពជូនចំពោះថ្នាក់ដឹកនាំកំពូលៗ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី ដែលបានរៀបចំនូវផែនការយុទ្ធសាស្ត្រ និងរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ ហើយក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោតែងយកចិត្តទុកដាក់គ្រប់គ្រងឱ្យមានការអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោកកិត្តិបណ្ឌិត លឹម គានហោ ដែលជាឥស្សរជនដ៏ឆ្នើមរបស់ក្រសួងដែលបានដឹកនាំ គ្រប់គ្រងការងារធនធានទឹក និងឧតុនិយមអស់រយៈពេល៥អាណត្តិ ដោយបានកសាងនូវស្នាដៃ និងសមិទ្ធផលជាច្រើននាពេលកន្លងមក។

លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យមានសុខដុមនីយកម្មការងារនៅក្នុងអង្គភាពទាំងកម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តថែរក្សាការពារ កេរដំណែលក៏ដូចជាសមិទ្ធផលដែលមានស្រាប់ពីមុន រួបរួមគ្នាជាធ្លុងមួយ និងបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត គឺរក្សាចាស់ បង្កើតថ្មី ព្រមទាំងបំពេញឱ្យបាននូវបេសកកម្មចម្បងដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានប្រគល់ជូនក្រសួង ដោយអនុវត្តតាមជានិច្ចនូវពាក្យស្លោករបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង។

លោករដ្ឋមន្ត្រីបានសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារកន្លងមកដោយមិនខ្លាចនឿយហត់៕