(ត្បូងឃ្មុំ)៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្ស នៅតាមសាលារៀនទាំង៨ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងនោះមានគ្រូបង្រៀនចំនួន ១០៨នាក់ និងសិស្សានុសិស្សចំនួន ៣,២១៤នាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបានប្រកាសពីការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំឈប់ប្រើថង់ប្លាស្ទិក»

សាលារៀនទាំង៨ ដែលបានចូលក្នុងយុទ្ធនាការនេះរួមមាន៖

១៖ សាលាបឋមសិក្សាទួលឃ្លាំង មានគ្រូបង្រៀនសរុប ចំនួន១១នាក់ និងសិស្សសរុបចំនួន៣៩៩នាក់
២៖ សាលាបឋមសិក្សាថ្នល់កែង មានគ្រូបង្រៀនសរុប ចំនួន១២នាក់ និងសិស្សសរុបចំនួន៤៦៥នាក់
៣៖ សាលាបឋមសិក្សាដើមកកោះ មានគ្រូបង្រៀនសរុប ចំនួន៩នាក់ និងសិស្សសរុបចំនួន៣៧២នាក់
៤៖ វិទ្យាល័យពាមជាំង មានគ្រូបង្រៀនសរុប ចំនួន ២៩នាក់ និងសិស្សសរុបចំនួន ៥៦០ នាក់
៥៖ សាលាបឋមសិក្សាពាមជាំង មានគ្រូបង្រៀនសរុប ចំនួន១១នាក់ និងសិស្សសរុបចំនួន ២៦៦ នាក់
៦៖ សាលាបឋមសិក្សាភូមិ ២៧ មានគ្រូបង្រៀនសរុប ចំនួន៤នាក់ និងសិស្សសរុបចំនួន២៤១នាក់
៧៖ សាលាអនុវិទ្យាល័យចំការស្បូវ មានគ្រូបង្រៀនសរុប ចំនួន១២នាក់ និងសិស្សសរុបចំនួន៣៥៦នាក់
៧៖ បឋមសិក្សាចំការស្បូវ មានគ្រូបង្រៀនសរុប ចំនួន២០នាក់ និងសិស្សសរុបចំនួន៥៥៥នាក់។

គួរឱ្យដឹងថា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមន្ទីរបរិស្ថានទាំងអស់ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ជាពិសេសជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស នៅតាមសាលារៀន ដោយផ្តើមពីសាលារៀនទាំងអស់ នៅក្នុងមូលដ្ឋាននៃស្រុក ឬក្រុងណាមួយឱ្យមានការប្តេជ្ញាចិត្តចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ»។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបញ្ជាក់ថា «យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក» បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក និងបានរៀបចំឡើងស្របតាម អនុក្រឹត្យរបស់ រាជរដ្ឋាភិបាលលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក និងបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល និងជាពិសេសចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំ នៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យហិរញ្ញវត្ថុ, ភាពធននៃមូលធនមនុស្សនិង សង្គម, និងភាពធន់នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានដាក់ចេញដោយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយសិស្សានុសិស្ស នៅតាមសាលារៀន ចាប់ផ្តើមដំបូងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ចេញពីសាលារៀនទាំង៤៤ កន្លែង ដែលមានសិស្សសរុបជាង ១៨,០០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងសំខាន់ «ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង»៕