(ឧត្តរមានជ័យ)៖ បុរសម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីបុរសជាជនសង្ស័យរូបនេះ បានប្រើអំពើហឹង្សាវាយទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឱ្យស្លាប់បាត់បង់ជីវិត។
បុរសជនសង្ស័យជាប្តី ដែលប្រើអំពើហឹង្សាវាយប្រពន្ធបណ្តាលឱ្យស្លាប់ និងត្រូវបញ្ជូនខ្លួនដាក់ពន្ធនាគារមានឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ដោយឡែកស្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ឡាច សម្បត្តិ ហៅដា ភេទស្រី អាយុ៣១ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១យប់ សង្ស័យបានប្រើអំពើហឹង្សាវាយប្រពន្ធរបស់ខ្លួនជាច្រើនដៃ បន្ទាប់មកក៏បានយកខ្សែកាបូបមកទាក់កប្រពន្ធរួចអូស បណ្តាលឱ្យប្រពន្ធដាច់ខ្យល់ស្លាប់បាត់បង់ជីវិត។
ក្រោយហេតុការណ៍កើតឡើងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តី និងបានកសាងសំណុំរឿងបញ្ជូនមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ ចាត់ការតាមនីតិវិធីបន្ត។ ជនសង្ស័យខាងលើ ក៏ត្រូវកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត និងត្រូវបានចៅក្រមស៊ើបសួរ សម្រេចចេញដីការឃុំខ្លួនជាបណ្ដោះសន្ន៕