(សៀមរាប)៖ សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា «១២+២» ជំនាន់ទី៣៩ ចំនួន១៣៦នាក់ នៅក្នុងខេត្តសៀមរាប និងមកពីខេត្តឧត្តរមានជ័យ ដែលបានប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលជាគ្រូបឋមសិក្សា និងទទួលបានលទ្ធផលជាប់ជាស្ថាពរ មួយរយភាគរយ គ្រូទាំងអស់នឹងត្រូវចេញទៅបម្រើការងារតាមសាលា ដែលបានជ្រើសក្នុងក្រុង ស្រុក របស់ខ្លួនចាប់ពីឆ្នាំសិក្សា២០២៣-២០២៤។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់ លោកស្រី ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងលខេត្ត ដោយមានការនិមន្តចូលរួមពីព្រះវិជ័យរងី្សបណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និងអង្គភាព នាយកសាលានានាក្នុងក្រុង និងគរុសិស្សជាច្រើនផងដែរ។
តាមសេចក្តីរាយការណ៍របស់លោក ឈត់ ឆៀង នាយកសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប អំពីលទ្ធផលនៃការបណ្តុះបណ្តាលគ្រូបឋមសិក្សាជំនាន់ទី៣៩ បានឲ្យដឹងថា គរុសិស្ស «១២+២» បានប្រឡងបញ្ចប់ មានចំនួន ១៣៦នាក់ ស្រី ១០៦នាក់។ ក្នុងនោះដែរក្របខណ្ឌខេត្តសៀមរាប ៩២នាក់ ស្រី៧៣នាក់ ខេត្តឧត្តរមានជ័យ ៤៤នាក់ ស្រី ៣៣នាក់។ ការបណ្តុះបណ្តាលតាមប្រព័ន្ធក្រេឌីត រយៈពេល២ឆ្នាំ ដោយមានខ្លឹមសារកម្មវិធីបណ្តុះបណ្តាលសំខាន់ៗ៧ផ្នែក មាន ចំនួនជាង១ពាន់ម៉ោង ស្មើ៦២ ក្រេឌីត។
លោកស្រី ម៉ននី រងី្ស បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ យុវជន និងកីឡា ជាពិសេសគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេសទាំងអស់ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដែលបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការបណ្ដុះបណ្ដាល គ្រូបឋមសិក្សា ជាច្រើនជំនាន់ និងជាច្រើននាក់កន្លងមក ឲ្យទទួលបានលទ្ធផលជោគជ័យល្អប្រសើរគួរជាទីពេញចិត្ត។
លោកស្រី ក៏បានទាញការចំណាប់អារម្មណ៍ចំពោះសមិទ្ធផលនានា ដែលសម្រចបានកន្លងមក ធ្វើឲ្យមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ដែលមិនអាចរៀបរាប់អស់នោះ គឺជាមរតកដ៏ថ្លៃថ្លាកើតចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ និងអ្នកពាក់ព័ន្ឋទាំងអស់ របស់រាជរដ្ឋាភិបាលអាណត្តិមុនរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដោយឡែកខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏មានសក្ដានុពលមួយ និងមានការរីកចម្រើនគ្រប់វិស័យ ដូចជា ផ្នែកសេវាសាធារណៈ និងឯកជន កម្រិតជីវភាពរបស់ប្រជាជនក៏ប្រសើរឡើង ការរៀបចំហេដ្ឋា រចនាសម្ព័ន្ឋ ផ្លូវថ្នល់ ទឹក និងភ្លើង បានបំពេញបានតាមតម្រូវការជាក់ស្ដែងផងដែរ។
លោកស្រី ម៉ននី រងី្ស ក៏បានលើកនូវអនុសាស្ត្របញ្ចកោណ មានបាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រចនាសម្ព័ន្ឋគ្រប់គ្រងរាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភាក៏បាន ប្រសូត្រឡើងដោយផ្ដល់ឱកាសដល់យុវជន បន្តវេនជំនាន់ក្រោយប្រកបដោយសក្ដានុពល និងមានសមត្ថភាព មានការគាំទ្រ និងផ្ដល់សេចក្ដីទុកចិត្តពីអង្គនីតិបញ្ញត្តិនីតិកាលទី៧ទៀតផង។
លោកស្រីបានបន្តថា ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណនេះ រាជរដ្ឋាភិបាលក៏បានកំណត់បណ្ដាគោលនយោបាយធំៗជាអាទិភាពជាច្រើនទៀត។ ក្នុងចំណោមនោះវិស័យអប់រំ យុវជន និងកីឡាមានតួនាទីយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតលើការអភិវឌ្ឍន៍វិស័យអប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈ ពោលគឺ បន្តជំរុញការអភិវឌ្ឍន៍ ធនធានមនុស្ស លើគ្រប់វិស័យប្រកបដោយគុណភាព និងមានតុល្យភាព រវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ មនុស្សជាតិ។
លោកស្រីបានបន្តថា ត្រូវលើកកម្ពស់សមត្ថភាព គុណវុឌ្ឍិ កិត្តិយស សេចក្ដីថ្លៃថ្នូរគ្រូបង្រៀន ការបន្តអភិវឌ្ឍន៍កម្មវិធីសិក្សា សៀវភៅសិក្សាគោល ការពង្រឹងវិធីសាស្រ្តបង្រៀន និងរៀនតាមនិន្នាការថ្មី (ការអប់រំឌីជីថល) ការពង្រឹងអធិការកិច្ចការគ្រប់គ្រងសាលារៀន ការពង្រឹងទំនាក់ទំនងជិតស្និទ្ទរវាងសាលា និងមាតា បិតាសិស្ស ការពង្រឹងការប្រឡងគ្រប់ប្រភេទ ការអនុវត្តតេស្តវាយតម្លៃលទ្ធផលសិក្សាសិស្ស ថ្នាក់ជាតិ និងអន្តរជាតិ ការបង្កើនការស្រាវជ្រាវ និងនវានុវត្តន៍នៅឧត្តមសិក្សាជាដើម។
ជាមួយនេះដែរ លោកស្រី ម៉ននី រង្សី ក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងប្អូនៗគរុសិស្ស ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ បន្តអភិវឌ្ឍគុណវុឌ្ឍិ និងអភិវឌ្ឍវិជ្ជាជីវៈ, បន្តអនុវត្តការអប់រំឌីជីថលសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ,ត្រូវប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម យកចិត្តទុកដាក់អភិវឌ្ឍបន្តលើ ចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និងបន្តយកចិត្តទុកដាក់ណែនាំសិស្សានុសិស្សអំពីសុវត្ថិភាពចំណីអាហារ គោរពច្បាប់ចរាចរណ៍ ជៀសឲ្យផុតពីគ្រឿងញៀន ការអប់រំសីលធម៌ ចរិយាធម៌ គោរពច្បាប់ និងគោរពចាស់ព្រឺទ្ធាចារ្យ លោកគ្រូអ្នកគ្រូជាដើម៕