(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃប្រជុំដើម្បីពិនិត្យ និងសម្រេចលើប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សេចក្តីសម្រេចស្តីពីការកែសម្រួល បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងពិនិត្យ និងសម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅនៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារដូចខាងក្រោម៖

១៖ ឯកភាពជាគោលការណ៍លើប្រតិទិន និងផែនការមេ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
២៖ឯកភាពជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលចំណុច ៥ .១.៥ និងកែសម្រួលខ្លឹមសារចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
៣៖ ឯកភាពជាគោលការណ៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ដែលមានចំនួន ១០ជំពូក និងឧបសម្ព័ន្ធ ចំនួន៨។

ប្រធាន គ.ជ.ប បានណែនាំដល់lok ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឱ្យពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលចំណុច ៥ .១.៥ និងចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងរៀបចំបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ទៅឱ្យភាគីពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់ មុននឹង គ.ជ.ប ពិនិត្យ និងសម្រេចជាផ្លូវការ៕

ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផលរបស់ គ.ជ.ប៖