(ភ្នំពេញ)៖ សមាគមពត់តម្រង់ធ្មេញ បានរៀបចំពិព័រណ៍ទន្តសាស្រ្ត ដើម្បីបណ្តុះបណ្តាលចំណេះដឹងពត់តម្រង់ធ្មេញ ជាមួយចំណេះដឹងបច្ចេកទេសថ្មីៗ ទាំងទ្រឹស្តី ការអនុវត្តន៍ ស្រាវជ្រាវ បច្ចេកទេស និងវិធីសាស្រ្តក្នុងការពត់តម្រង់ធ្មេញ ជូនទៅទន្តបណ្ឌិត និងនិស្សិតទន្តសាស្រ្តទាំងអស់។
ពិព័រណ៍នេះរៀបចំឡើង ដើម្បីបន្ថែមធានាឲ្យបានប្រសិទ្ធភាព ភាពជោគជ័យក្នុងវិស័យពត់តម្រង់ធ្មេញ ដល់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុកប្រកបដោយក្រមសីលធម៍វិជ្ជាជីវៈ និងគុណភាពខ្ពស់ដូចទន្តសាស្រ្តផ្សេងៗ លើសកលលោក។
ការរៀបចំពិព័រណ៍ទន្តសាស្រ្ត របស់សមាគមពត់តម្រង់ធ្មេញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ជាការរៀបចំប្រចាំឆ្នាំលើកទី៦ ក្រោមការចូលរួមពីលោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល, ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី
ប្រធានក្រុមប្រឹក្សាភិបាលសមាគម ពត់តម្រង់ធ្មេញកម្ពុជា ព្រមទាំងនិស្សិតទន្តសាស្រ្តជាច្រើនរូបទៀត។
លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា នឹងបន្តឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឡើងគ្រប់វិស័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ហើយសុខាភិបាលជាវិស័យអាទិភាពទី១ ក្នុងចំណោមវិស័យនានា ស្របតាមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៣ ផ្តោតលើការផ្តល់
ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។
លោកបានបញ្ជាក់ថា ថ្មីៗនេះក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅផែនការ សកម្មភាពសុខភាពមាត់ ២០២៣-២០៣០ ក្នុងគោលបំណងបង្កើនលទ្ធភាព ទទួលបាននូវការថែទាំសុខភាពមាត់-ធេ្មញ និងកាត់បន្ថយជំងឺមាត់-ធ្មេញ នៅក្នុងចំណោមប្រជាជន។
ផែនការសកម្មភាពជាតិនេះដើរទន្ទឹមគ្នា ជាមួយនឹងផែនការយុទ្ធសាស្ត្រជាតិ សម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង២០២៣- ២០៣០។ ផែនការសកម្មភាពនេះ នឹងដំណើរការឆ្ពោះទៅរកការផ្តល់ នូវសេវាសុខភាពមាត់-ធ្មេញ ប្រកបដោយសុវត្ថិភាព និងសមភាព ដើម្បីកាត់បន្ថយបន្ទុកនៃជំងឺមាត់-ធ្មេញ ក៏ដូចជាបន្ធូរបន្ថយការឈឺចាប់ និងជួយដល់បន្ទុកសេដ្ឋកិច្ចគ្រួសារ និងសង្គម។
សកម្មភាព និងកិច្ចខិតខំប្រឹងប្រែងជាច្រើនកន្លងមកបានចូលរួមអភិវឌ្ឍវិស័យសុខភាពមាត់-ធ្មេញកាន់តែប្រសើរឡើង ក្នុងនោះការងារពត់តម្រង់ធ្មេញក៏ជាកត្តាមួយសំខាន់ ចូលរួមជួយបង្កើនសោភ័ណភាពស្នាមញញឹម ជូនប្រជាជនកម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ ដែលបានបញ្ចប់ការសិក្សាទាំងក្នុង និងក្រៅប្រទេស ហើយកម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ស្របតាមបច្ចេកវិទ្យាទំនើប ក្នុងការបណ្តុះបណ្តាល ទន្តបណ្ឌិតឯកទេសពត់តម្រង់ធ្មេញថែមទៀតផង។ ក្នុងនោះក៏មានសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សកលវិទ្យាល័យអន្តរជាតិ និងសកលវិទ្យាល័យពុទ្ធិសាស្ត្រជាដើម ចូលរួមសហការលើកស្ទួយសេវាកម្មពត់តម្រង់ធ្មេញ ឱ្យកាន់តែមានប្រជាប្រិយភាព នៅកម្ពុជា។
ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី បានថ្លែងថា ការរតាំងពិព័រណ៍ទន្តសាស្រ្តសមាគមពត់តម្រង់ធ្មេញ ប្រចាំឆ្នាំលើកទី៦ ផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងពត់តម្រង់ធ្មេញ ក្នុងគោលបំណងបន្ថែមចំណេះដឹង ដែលជាបច្ចេកទេសថ្មីៗទាំងទ្រឹស្តី ការអនុវត្តន៍ ស្រាវជ្រាវ បច្ចេកទេស និង វិធីសាស្រ្តក្នុងការពត់តម្រង់ធ្មេញ ជូនទៅដល់ទន្តបណ្ឌិត និងនិស្សិតទន្តសាស្រ្តទាំងអស់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងភាពជោគជ័យក្នុងវិស័យពត់តម្រង់ធ្មេញ ដល់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុក និងជនបរទេសប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងទទួលបានគុណភាពខ្ពស់ ដូចទន្តសាស្រ្តផ្សេងៗលើសកលលោក។
លោកទន្តបណ្ឌិតបានបញ្ជាក់ថា សមាគមពត់តម្រង់ធ្មេញកម្ពុជា បានចាប់ផ្តើមបង្កើតឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ ដោយមានការរៀបចំបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគមពត់តម្រង់ធ្មេញកម្ពុជាឆ្នាំ២០១៥-២០១៧ ចំនួន៧រូប ក្រោមការជួយជ្រោមជ្រែង ពីសមាគមទន្តពេទ្យកម្ពុជា វិទ្យាស្ថានស្រាវជ្រាវអ្នកឯកទេសពត់តម្រង់ធ្មេញប្រទេសកូរ៉េ (KORI) លោកសាស្រ្តាចារ្យ prof. Callum Durward លោកសាស្រ្តាចារ្យ Jae Hyun Sung (អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវ អ្នកឯកទេសពត់តម្រង់ធ្មេញប្រទេសកូរ៉េ) និង prof. Jong-Suk Choi (ប្រធានវិទ្យាស្ថានស្រាវជ្រាវអ្នកឯកទេសពត់តម្រង់ធ្មេញប្រទេសកូរ៉េ)៕