(កំពង់ចាម)៖ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ នាឱកាសគង់ចាំព្រះវស្សា នីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសហការី បាននាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ នៅវត្តនាគវ័ន្តសាគរ (ហៅវត្តប៉ុកប៉ែន) ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ។

ពិធីនោះក៏មានការអញ្ជើញចូលរួមពី លោកស្រីជាសមាជិកព្រឹទ្ធសភា និងសមាជិកា អនុសាខាសមាគមនារីស្រុក សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាច្រើននាក់ផងដែរ។

នាឱកាសនោះ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា បាននាំយកថវិការបស់សាខាសមាគមនារីខេត្ត និងសប្បុរសជន ចំនួន ៤.២៦០.០០០រៀល និងប្រាក់ដុល្លារ ចំនួន ១.៦៣២ដុល្លារ សម្រាប់សាងសង់ព្រះវិហារ។ ជាមួយគ្នានោះ បានប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ចំនួន ៧០០.០០០រៀល ប្រគេនព្រះចៅអធិការវត្ត ២៤០.០០០រៀល ព្រះសង្ឃចំនួន ៩អង្គ សរុបបច្ច័យ ៤៥០.០០០រៀល ជូនតាអាចារ្យ ១០០.០០០រៀល។

ក្រៅពីនោះ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ដែលចូលរួម សរុប ១០៣ នាក់ ម្នាក់ៗ ទទួលទានសារុង ០១ និងឧបត្ថម្ភ ដល់កងកម្លាំង ថវិកាចំនួន ១០០.០០០រៀល ផងដែរ។

ឆ្លៀតក្នុងកាសនោះ ក្នុងនាមព្រះចៅអធិការវត្ត នាគវ័ន្តសាគរ (ហៅវត្តប៉ុកប៉ែន) ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា និងសហការី ព្រមទាំង ក្រុមគ្រួសារ ក៏ដូចជា លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធទាំងអស់ សូមសមប្រកបតែសេចក្ដីសុខចំរើន និងជួបប្រទះនូវពុទ្ធពរទាំង បួនប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួររំលឹកថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយមានសារៈសំខាន់ នៅក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ ៕