(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ Delta នៅថ្ងៃនេះ បានប្រកាសឲ្យដឹងថា នឹងផ្ដល់សំណង ២០០ដុល្លារអាមេរិក ដល់អតិថិជនទាំងអស់ ក្រោយពេលប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនគាំងមិនដំណើរការ (ដាច់ភ្លើង) នៅថ្ងៃចន្ទម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័របស់ក្រុមហ៊ុន Delta នៅថ្ងៃទី០៩ ខែសីហា។
ក្រុមហ៊ុន Delta បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្ដល់ជាប័ណ្ណទូទាត់សាច់ប្រាក់សម្រាប់ហោះហើរ ដែលមានតម្លៃ ២០០ដុល្លារអាមេរិក ដល់អតិថិជនទាំងឡាយណា ដែលបានចំណាយពេលច្រើនជាង ៣ម៉ោង ក្នុងការរង់ចាំការពន្យាពេលជើងហោះហើរ ឬលុបចោលជើងហោះហើរ។
យោងតាមព័ត៌មានចុងក្រោយបានបញ្ជាក់ឲ្យដឹងថា មានជើងហោះហើរចំនួន ៦៥០ ត្រូវបានលុបចោល និងច្រើនជាង ២,៤០០ ត្រូវបានពន្យាពេលក្រោយពីមានបញ្ហាប្រព័ន្ធកុំព្យូទ័រ។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី០៨ ខែសីហាម្សិលមិញនេះ ប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Delta ជាប់គាំងមិនដំណើរការ ជាហេតុធ្វើឲ្យក្រុមហ៊ុនផ្អាកជាបណ្ដោះអាសន្ននូវជើងហើរជុំវិញពិភពលោក ហើយប៉ុន្មានម៉ោងក្រោយមក ជើងហោះហើរមួយចំនួនត្រូវបានដំណើរការឡើងវិញ៕