(ភ្នំពេញ)៖ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកម្មករនិយោជិត តាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់រដ្ឋាភិបាល ក្រុមសហជីពអំពាវនាវឲ្យកម្មកររៀនជំនាញបន្ថែម ដើម្បីជាទុនក្នុងការចាប់យកឱកាសការងារទទួលបានប្រាក់កម្រៃខ្ពស់ក្នុងបរិបទទីផ្សារកាងារថ្មីៗនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី្ត ផ្តល់អនុសាសន៍ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសប្រមាណ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្តាហ៍។
លោក ឈិន សូនី ប្រធានសហព័ន្ធសហជីពការងារសេវាកម្មកម្ពុជា បានឱ្យដឹងថា នេះជាឱកាសល្អដែលរាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយបណ្តុះបណ្តាលបណ្តាលនេះ។
លោកថា «យើងខ្ញុំដែលជាសហជីពនៅស្និទ្ធជាមួយបងប្អូនកម្មករ នឹងចូលរួមជាមួយសាលា និងក្រសួងការងារ គឺសហការ ទី១ យើងផ្សព្វផ្សាយពីផលប្រយោជន៍ពីការរៀនជំនាញ និងពន្យល់ពីផលចំណេញពីការរៀន និងឲ្យគាត់ចូលរួម ដើម្បីឲ្យទៅថ្ងៃអនាគតទៅប្រទេសកម្ពុជាមានកម្មករជំនាញ»។
លោកស្រី សៀ គន្ធា ប្រធានសហជីពការងារស្រ្តីកម្ពុជា បានឱ្យដឹងដែរថា កម្មករនិយោជិតត្រូវយល់ដឹងបន្ថែមអំពីអ្វីដែលថ្មីសម្រាប់ចំណេះដឹង បច្ចេកទេសវិជ្ជាជីវៈផ្សេងៗ ហើយការបណ្ដុះបណ្ដាលនេះគឺជាឱកាសមាស ដែលពួកគេគួរតែចាប់យកឱ្យបាន។
លោកស្រីថា «ព្រោះយើងអាចទទួលនូវភាពជោគជ័យ ទាល់តែយើងចេះចាប់ឱកាស សាលា និងគ្រូ មានហើយចឹងមានតែបងប្អូនត្រូវចេះផ្លាស់ប្តូរគំនិត និងព្យាយាម ស្វែងរកចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍន៍មុខរបររបស់យើងឲ្យបានរីកចម្រើនដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ»។
លោកស្រីបានបន្ថែមថា នៅពេលកម្មករមានជំនាញវិជ្ជាជីៈច្បាស់លាស់ ពួកគេនឹងអាចនូវទទួលបានចំណូលល្អប្រសើរសម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះការមានជំនាញច្បាស់លាស់នេះ គឺជាទន់មួយនៅពេលពួកគេជូបហានិភ័យក៏គាត់មានចំណេះជំនាញអាចរកចំណូលផ្គត់ផ្គង់បានផងដែរ។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលរៀបចំជួយផ្សព្វផ្សាយដល់កម្មករ ដើម្បីឲ្យពួកគេមានចំណាប់អារម្មណ៍ ហើយចូលរៀនឲ្យបានគ្រប់ៗគ្នា ដើម្បីយកចំណេះដឹងបម្រើដល់សង្គមជាតិ។ ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈនេះនឹងធ្វើឱ្យកម្មករមានចំណេះការងារពិតប្រាកដសម្រាប់ការបើកអាជីវកម្មថែមទៀតផង ប្រសិនបើសិក្សាលើជំនាញមួយចំនួន ដូចជាជួសជុលម៉ូតូ ឡាន ឬជំនាញផ្សេងៗទៀតដែលអាចរកចំណូលបានខ្លួនឯង។
លោកបន្ថែមថា «សព្វថ្ងៃបើនិយាយពីវិស័យកាត់ដេរ ខ្ញុំមើលឃើញថា ភាគច្រើនអ្នកគ្រប់គ្រងជាជនបរទេស ប្រាក់ខែច្រើន គុណនឹងមួយ គុណនឹងពីរ គុណនឹងបី តែប្រសិនបើជាយើងចេះជំនាញច្បាស់លាស់យើងនឹងប្រាក់ចំណូលខ្ពស់ដូចពួកគេ»។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសលើយុវជនប្រមាណ១.៥នាក់ ដែលរួមមានទាំងកម្មករនេះ គឺជាចំណុចមួយក្នុងចំណោមអនុសាសន៍ចំនួន៥ផ្សេងទៀត ដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីធ្វើឱ្យប្រសើរឡើងនៃវិស័យកាត់ដេរ ជាពិសេសភាពប្រសើរឡើងនៃលក្ខខណ្ឌការងាររបស់កម្មករ និងការបង្កើនលទ្ធភាពការងារក្នុងគោលដៅធ្វើឱ្យប្រសើរឡើងជាលំដាប់នូវជីវភាពរបស់ប្រជាពលរដ្ឋដែលមកពីគ្រួសារងាយរងគ្រោះ ក្នុងនោះក៏មានកម្មករផងដែរ៕