(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន៣នាក់ ក្នុងចំណោមបក្ខពួក២ក្រុម ដែលបានបើកឆាកប្រយុទ្ធគ្នា និងកាប់ប្រជាការពារម្នាក់បណ្តាលឱ្យរបួសធ្ងន់នៅភូមិត្រពាងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ២៖៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុក្រុមជនសង្ស័យ ២ក្រុមបាននាំគ្នាផឹកស៊ី បន្ទាប់មកក៏មានជម្លោះជាមួយគ្នា ក្រុមជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានហៅបក្ខពួកឱ្យយកកាំបិតប៉័ងតោ និងអាវុធសាមញ្ញ យកមកធ្វើសកម្មភាពកាប់ និងវាយទៅលើក្រុមបក្ខពួកដែលមានជម្លោះជាមួយគ្នា។ នៅពេលកំពុងធ្វើសកម្មភាពកាប់ និងវាយគ្នានោះ ក្រុមជនបង្កបានកាប់ត្រូវគ្នាឯង បណ្ដាលឱ្យដាច់ម្រាមដៃខាងឆ្វេង ដាច់ម្រាមចំនួន០៣ម្រាម។

បន្ទាប់មកក្រុមជនសង្ស័យ បានព្យាយាមរត់គេចខ្លួន និងយកបក្ខពួកទៅសង្គ្រោះ និងព្យាបាល ពេលនោះក៏មានប្រជាការពារភូមិដែលជានរងគ្រោះ បានធ្វើអន្ដរាគម និងឃាត់ខ្លួនក្រុមជនសង្ស័យ តែត្រូវក្រុមជនសង្ស័យ បានធ្វើសកម្មភាព យកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងបួសធ្ងន់។

ក្រោយទទួលបានព័ត៌មាន និងអនុវត្តតាមបទបញ្ជាពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលដឹកនាំពង្រឹង ការងារអធិការដ្ឋាននគរបាលខណ្ឌពោជិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ, លោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងទទួលការងារព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៣នាក់។

លោកវរសេនីយ៍ទោ ឡេង វាសនា បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នោះរួមមាន៖
ទី១៖ ឈ្មោះ សុខ ឆ្លាំង ភេទប្រុស អាយុ ១៨ឆ្នាំស្នាក់នៅភូមិថ្មគោល១, សង្កាត់ចោមចៅទី២
ទី២៖ ឈ្មោះ ហ៊ុន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២
និងទី៣៖ ឈ្មោះ ជា តុលា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅទី២។

ជនរងគ្រោះឈ្មោះ ថុន រស្មី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប្រជាការពារ មានទីលំនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ បានរងរបួស លើទ្រូងខាងឆ្វេង ១កាំបិត លើខ្នង០១កាំបិត និងម្រាមខាងឆ្វេង០១កាំបិត និងកំពុងសម្រាកព្យាបាលនៅពេទ្យ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរៀបចំតាមនីតិវិធីបញ្ជូនទៅតុលារការចាត់ការទៅតាមវិធានការច្បាប់៕