(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅអធិការនគរបាលខណ្ឌឫស្សីកែវ ឲ្យកោះហៅស្ដ្រីម្នាក់ចូលមកបំភ្លឺ ករណីប្រើប្រាស់អំពើហិង្សា លើអតីតកូនប្រសារបណ្ដាលឲ្យរងរបួស ដោយសារតែរឿងដណ្ដើមចៅអាយុ៣ឆ្នាំ។

ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទទួលបានសំណូមពរពីស្ដ្រីរងគ្រោះ តាមរយៈអ្នកសារព័ត៌មាន ដោយអះអាងថា រូបនាងត្រូវបានអតីតម្ដាយក្មេក និងបក្ខពួកចូលប្រើប្រាស់អំពើហិង្សា ក្នុងផ្ទះជួល នៅសង្កាត់ឫស្សីកែវ ដើម្បីដណ្ដើមយកចៅអាយុ៣ឆ្នាំ (កូនរបស់នារីរងគ្រោះ) យកទៅរស់នៅជាមួយវិញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានចេញលិខិតកោះហៅ ស្រ្តីជាម្តាយក្មេក ដើម្បីចូលមកបំភ្លឺជុំវិញករណីហិង្សានេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ខណ្ឌឫស្សីកែវ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ ដើម្បីដោះស្រាយ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអះអាងថា យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ ចាន់ រតនា បានបំភ្លឺថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២៖០៦នាទីរសៀល ស្ថិតក្នុងផ្ទះជួល ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រូបនាងកំពុងនៅផ្ទះជាមួយកូនប្រុស ឈ្មោះ ទូ កក្កដា អាយុ៣ឆ្នាំ។

ពេលនោះឈ្មោះ ទ្រុយ ចន្ទ្រា អតីតម្តាយក្មេក និងឈ្មោះ ញ៉ុង សភាព បានមកផ្ទះនាងក្នុងបំណងយកកូននាង ទៅនៅជាមួយពួកគេ ក្រោយកូនប្រុសរបស់គាត់បានលែងលះជាមួយស្រ្តីរងគ្រោះរួចហើយ។ ប៉ុន្តែនាងមិនព្រមឲ្យទៅនៅជាមួយពួកគេ ស្រាប់តែឈ្មោះ ទ្រុយ ចន្រ្ទា ស្ទុះទៅវាយលើរូបនាងបណ្តាលឲ្យមានស្នាមរបួសពេញមុខ និងបានយកជើងធាក់ចុងដង្ហើមទៀត។

ជុំវិញបញ្ហានេះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នឹងបន្តតាមដានករណីនេះបន្ថែមទៀត ហើយផ្តល់ព័ត៌មាននៅពេលខាងមុខទៀត ក្រោយស្រ្តីជាម្តាយក្មេក ចូលខ្លួនបំភ្លឺ នៅប៉ុស្តិ៍នគរបាលរដ្ឋឫស្សីកែវ ខណ្ឌឫស្សីកែវ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ៕