(ឧត្តរមានជ័យ)៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានអំពាវនាវប្រជាពលរដ្ឋដែលរស់នៅក្បែរបឹងតាម៉ុក ក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយសារស្ថានភាពទឹកនៅអាងបឹងតាម៉ុក ហក់ឡើងខ្លាំង បន្ទាប់ពីទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ។
លោក ញឺន កួន បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា «ស្ថានភាពទឹកនៅទំនប់អាងទឹកបឹងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយសារមានភ្លៀងធ្លាក់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកម្រិត១០០.១mm បានបង្កឱ្យបរិមាណធារទឹកក្នុងអាងទឹកបឹងតាម៉ុក ហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ន ៣.៨១ម៉ែត្រ នាម៉ោង៦.៣០នាទីព្រឹកថ្ងៃនេះ»។
ផ្អែកតាមស្ថានភាពទឹកដែលកំពុងហក់ឡើងខ្លាំងនេះ ប្រធានមន្ទីរ ក៏បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់អាងទឹកតាម៉ុក សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះទ្រព្យសម្បត្តិ ផលដំណាំ ពិសេសកូនចៅតូចៗ ហើយលោកបញ្ជាក់ថា «បើថ្ងៃនេះពុំមានភ្លៀងធ្លាក់ទេ ស្ថានភាពទឹកនៅអាងទឹកបឹងតាម៉ុក នឹងស្រកចុះវិញនាវេលាល្ងាចថ្ងៃនេះ»។
លោក ញឺន កួន បានបញ្ជាក់ថា កម្រិតកម្ពស់ទឹកនៅអាងទឹកបឹងតាម៉ុក ដែលត្រូវមានកាប្រុងប្រយ័ត្ន គឺ៣.៨០ម៉ែត្រ និងកម្រិតកម្ពស់ត្រូវប្រកាសអាសន្ន គឺ៤.៥០ម៉ែត្រ៕