(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការសោកស្តាយ ហើយចេញប្រាក់ធានារ៉ាប់រងចំពោះគ្រោះថ្នាក់ចរាចរណ៍ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នេះបើតាម លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យរបស់ ប.ស.ស។
លោក ជាវ ប៊ុនរិទ្ធ បានឱ្យដឹងថា សម្រាប់កម្មកររងរបួស ប.ស.ស នឹងចេញចំណាយ ក្នុងការព្យាបាលរហូតដល់ជាសះស្បើយ។ ចំពោះអ្នកស្លាប់ បសស ផ្តល់៤លានរៀល ដល់គ្រួសារសព ដើម្បីជាសោហ៊ុយបូជាសព និងផ្តល់គោលរបបឧបត្ថម្ភក្រុមគ្រួសារ ប្តី ប្រពន្ធកូនជនចាស់ជរាឪពុកម្តាយជីដូនជីតាជាដើម។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះ មានករណីរថយន្តកម្មករ ដាច់រ៉ូទីល បើកធ្លាក់ផ្លូវប៉ះអ្នកជិះម៉ូតូ ហើយជ្រុលចង្កូតទៅប៉ះផ្ទះប្រជាពលរដ្ឋ ធ្វើឡានក្រឡាប់ ហើយបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងរងរបួស១១ ពេលនេះកម្មករកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ៨៣ និង៨៤ ស្តិតនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕