(ភ្នំពេញ)៖ ជំនាញភាពជាអ្នកដឹកនាំ គឺជាធាតុផ្សំដ៏សំខាន់បំផុតក្នុងការដឹកនាំ ការអនុវត្តការងារ ការដោះស្រាយបញ្ហានៅក្នុងស្ថាប័ននីមួយៗ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តកម្មវិធីបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយរ៉ាប់រងទាំងស្រុងលើការរៀបចំ និងការចំណាយលើការបណ្ដុះបណ្ដាល។
គួរជម្រាបថា កម្មវិធីបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នេះ គឺបានអនុវត្តតាំងពីឆ្នាំ២០២១ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងមុខងារសាធារណៈ ធនាគារពិភពលោក ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ។ ប៉ុន្តែមកដល់ឆ្នាំ២០២៣នេះ កិច្ចការទាំងឡាយរបស់ដៃគូជំនួយ ដូចជាបន្ទុកនៃការចំណាយ និងកិច្ចការផ្សេងៗនោះ ត្រូវបានផ្ទេរមកឱ្យរាជរដ្ឋាភិបាលកម្ពុជាទាំងស្រុងវិញ ខណៈកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលអនុវត្តកិច្ចការទាំងនេះផងដែរ។
ដូច្នេះហើយទើបភាគីពាក់ព័ន្ធទាំងអស់ ដែលមានក្រសួងមុខងារសាធារណៈ ធនាគារពិភពលោក ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដូចជាគ្រូបង្គោលផងដែរ បានជួបប្រជុំពិភាក្សាទៅលើការផ្ទេរកិច្ចការរបស់ដៃគូជំនួយ (ធនាគារពិភពលោក ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា) មកឱ្យរាជរដ្ឋាភិបាលកម្ពុជាទាំងអស់វិញ (ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល)។ ម្យ៉ាងវិញទៀត អង្គប្រជុំក៏ពិភាក្សាទៅលើយន្តការរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀតដែរ។ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារ Hotel Fairfield by Marriott Phnom Penh។
លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ហើយក៏ជាគ្រូបង្គោលនៃកម្មវិធីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍មួយរូបដែរនោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ពាក់ព័ន្ធនឹងការផ្ទេរកិច្ចការមកឱ្យរាជរដ្ឋាភិបាលកម្ពុជាទាំងស្រុងវិញនេះ គឺដោយសារកម្ពុជាអាចទទួលអនុវត្តកិច្ចការនេះដោយខ្លួនឯងបាន ដែលក្រសួង/ស្ថាប័នអនុវត្ត និងគ្រូបង្គោលទាំងអស់សុទ្ធតែមានបទពិសោធន៍ សមត្ថភាពអាចរួមគ្នាអនុវត្តតទៅមុខទៀតបាន ពីព្រោះការជួយអ្នកណាម្នាក់ មិនអាចជួយរហូតនោះឡើយ គឺត្រូវតែដល់ពេលណាមួយ អ្នកទទួលជំនួយត្រូវមានសមត្ថភាពចេះជួយខ្លួនឯង រៀបចំកិច្ចការអ្វីមួយដោយខ្លួនបាន»។
លោកស្រី ឈី វិជ្ជរ៉ា បានបន្តថា កម្មវិធីនេះគឺផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីរាជការថ្នាក់ខ្ពស់ ចាប់ពីកម្រិតប្រធាននាយកដ្ឋាន អគ្គនាយករង អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ (ថ្នាក់ជាតិ) អភិបាលក្រុង/ស្រុក/ខណ្ឌ ប្រធានរដ្ឋបាលសាលារាជធានី/ខេត្ត អភិបាលរងរាជធានី/ខេត្ត អភិបាលរាជធានី/ខេត្ត (ថ្នាក់ក្រោមជាតិ)។ វគ្គបណ្ដុះបណ្ដាលនេះបានអនុវត្តតាំងពីឆ្នាំ២០២១មកម្ល៉េះ ដោយប្រព្រឹត្តទៅចំនួន៤លើក និងមានសិក្ខាកាមចំនួន៦៥៥នាក់បានបញ្ចប់ការសិក្សារួចមកហើយ។ សាលាភូមិន្ទរដ្ឋបាលមានផែនការបើកវគ្គបណ្ដុះបណ្ដាលលើកទី៥ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ ខណៈចំពោះមុខនេះសាលាកំពុងធ្វើលិខិតស្នើទៅកាន់ក្រសួង/ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់បញ្ជូនសិក្ខាកាមឱ្យមកចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលនេះ។
លោកស្រីរដ្ឋលេខាធិការបន្តទៀតថា ការបណ្ដុះបណ្ដាល គឺមានច្រើនមុខវិជ្ជាដែលពាក់ព័ន្ធនឹងការដឹកនាំ ដូចជា ការដឹកនាំស្ថាប័ន ការធ្វើកំណែទម្រង់ ការដឹកនាំក្រុមការងារ ការដឹកនាំខ្លួនឯង ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ការដោះស្រាយទំនាស់បញ្ហា ដែលថ្នាក់ដឹកនាំទាំងអស់សុទ្ធតែត្រូវការជំនាញទាំងអស់នេះ។ ជាមួយគ្នានោះ ក៏មានការអញ្ជើញវាគ្មិនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំផ្សេងទៀត ហើយមានទាំងវិស័យឯកជនផងដែរ មកចែករំលែកបទពិសោធន៍នៃការដឹកនាំ ការអនុវត្តការងារ ការដោះស្រាយបញ្ហា និងការបទពិសោធន៍ការងារផ្សេងទៀត។ ក្រៅពីនេះក៏មានទស្សនកិច្ចសិក្សានៅតាមអង្គភាព ស្ថាប័ននានា ដែលមានស្នាដៃក្នុងការដឹកនាំ រៀបចំ អនុវត្តការងាររបស់ខ្លួន ដើម្បីចែករំលែកបទពិសោធន៍ ចំណុចល្អៗដល់សិក្ខាកាមឱ្យបានយល់ដឹងបន្ថែមទៀតដែរ។
លោកស្រី ឈី វិជ្ជរ៉ា បានបញ្ជាក់ដែរថា រាល់ចំណេះដឹង ឯកសារដែលសិក្ខាកាមជាថ្នាក់ដឹកនាំបានចូលរួមសិក្សាហើយនោះ ពួកគាត់បានយកទៅប្រើប្រាស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដូចជាការដោះស្រាយបញ្ហា ការជំរុញលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទជាដើម ហើយក៏ឃើញថាទទួលបានប្រសិទ្ធភាពជាគួរជាគាប់ប្រសើរ៕