(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ មេដឹកនាំកម្ពុជា និងហ្វីលីពិន បានមើលឃើញថា កម្ពុជា-ហ្វីលីពិន មានសក្តានុពលលើវិស័យជាច្រើន ដែលគួរតែពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ វិស័យដែលមេដឹកនាំប្រទេសទាំងពីរមើលឃើញថាមានសក្តានុពលនោះមានដូចជាពាណិជ្ជកម្ម, ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាព។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានជួបសម្តែងការស្វាគមន៍ និងពិភាក្សាការងារជាមួយគ្នា។

ក្នុងជំនួបនេះសម្តេចធិបតី ហ៊ុន​ ម៉ាណែត បានសម្តែងការស្វាគមន៍ដ៏កក់ក្តៅចំពោះលោក ហ្វឺឌីណាន់ ម៉ាកូស និងបានថ្លែងអំណរគុណប្រជាជន និងប្រទេសហ្វីលីពីន ដែលបានគាំទ្រ​កម្ពុជាក្នុងការបំពេញកាតព្វកិច្ចជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងចំពោះការចូល​រួមរបស់​កីឡាករហ្វីលីពីននៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២កន្លងមក។

រីឯលោកប្រធានាធិបតីហ្វីលីពិន បានសម្តែងការអបអរសាទរចំពោះសម្តេចធិបតី ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ។ លោកប្រធានាធិបតី ក៏បានផ្តាំផ្ញើនូវការអរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោ​បាយ និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍នៅក្នុងក្របខ័ណ្ឌអាស៊ាន នាពេលដែល សម្តេចតេជោនៅជានាយករដ្ឋមន្ត្រី។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពិន បានពិភាក្សាទៅលើ​វិស័យ​ជាច្រើន ដែលមានសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហ​ប្រតិបត្តិ​ការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន និងដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន៖ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ។

មេដឹកនាំប្រទេសទាំងពីរ បានបង្ហាញទឹកចិត្តសោមនស្ស ចំពោះឱកាសផ្លាស់ប្តូរ​យោបល់ទៅ​វិញ​ទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការបន្ថែម លើយន្តការ​ពហុ​ភាគី​នៃក្របខ័ណ្ឌអាស៊ាន។ មេដឹកនាំទាំងពីរ បានគោរពអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្របណាមួយនាពេលខាងមុខផងដែរ៕