(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ។
ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីផលលំបាករបស់មន្រ្ដីថ្នាក់មូលដ្ឋាន និងទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានដឹកនាំចលនាគៀងគរថវិកាពីសប្បុរសជននានា និងការចូលរួមពីកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទេីបអាគារថ្មីនេះ ផ្ដេីមចេញជារូបរាងសមស្របជាអាគាររដ្ឋរបាល នាពេលខាងមុខនេះ ដែលមានទំហំ១២ម៉ែត្រ គុណ៦.២ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់អស់ប្រមាណជាង៧០លានរៀល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីស្នងការ បានឧបត្ថម្ភថវិកាចំនួន១,០០០ដុល្លារ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សម្រាប់ចាត់ចែងលេីការចំណាយផ្សេងៗ ក្នុងការសាងសង់អាគារនេះ និងបានចែកជូនថវិកាតាជី យាយជី ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១មុឺនរៀល និងក្រម៉ា១ផងដែរ៕