(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់លោក ជា ខេមា អភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមបណ្តោយផ្លូវលេខ៩០ និងផ្លូវលេខ៤៧។
ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅពេលនេះ លោក ចាប ឌីណា បានស្នើសុំប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្ម មេត្តាកុំយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកម្មសិទ្ធ ត្រូវធ្វើអាជីវកម្មឲ្យមានរបៀបរៀបរយ អនាម័យបរិស្ថានល្អ មិនត្រូវចោលសំរាមកាកសំណល់ផ្តេសផ្តាស ដែលនាំឲ្យជះក្លិនមិនល្អដល់សាធារណជន ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ។ ទីតាំងអាជីវកម្មត្រូវរក្សាទុកជូនអ្នដំណើថ្មើរជើងខ្លះ និង១/៣ នៃចិញ្ចើមផ្លូវសាធារណៈសម្រាប់ធ្វើអាជីវកម្ម។
បើតាមលោក ចាប ឌីណា ខណ្ឌដូនពេញជាមជ្ឈមណ្ឌលវប្បធម៌ សាសនា សេដ្ឋកិច្ច នយោបាយ និងជាតំបន់រមនីយដ្ឋានប្រវត្តសាស្ត្រជាច្រើនទៀត ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្ដ ដែលតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវដុតដៃដុតជើងអនុវត្តមិនអាចខកខានបានឡើយ។ ក្រោយពីចុះរៀបចំសណ្តាប់ និងណែនាំអាជីករលក់ដូរឃើញថា យោគយល់ និងសហការបានល្អជាមួយអាជ្ញាធរ។
ក្នុងនាមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ លោកបានស្នើសុំប្រជាពលរដ្ឋមេត្ តាបន្តជួយសហការជាមួយក្រុមការងារ ឲ្យបានជាប់ជាប្រចាំ កុំលូតលៀននៅពេលដែលកម្លាំងដកថយទៅធ្វើកន្លែងផ្សេងទៀត។ រដ្ឋបាលខណ្ឌដូនពេញ ក៏សុំការអធ្យាស្រ័យចំពោះការចុះរៀបចំមានការលើសខ្វះចំណុចណាមួយនោះ សូមមេត្តាផ្តល់ព័ត៌តាមលេខទូរសព្ទ ០១៧ ៨៨៤ ៨៨៨, ០៨១ ៣៦៨ ៩៩៩, ០៨៨ ២៣៣ ៣៣៣៩៕