រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ
09-08-2016 09:03
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិបានឲ្យដឹងថា លោក RYAMIZARD RYACUDU រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ី នឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១១ ខែ សីហានេះ។
តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី១០ ខែសីហា វេលាម៉ោង៩ព្រឹក រដ្ឋមន្រ្តីក្រសួងការពារជាតិ របស់ឥណ្ឌូនេស៊ី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ រហូតដល់រសៀលថ្ងៃដដែល វេលាម៉ោង១៦៖០០នាទី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឥណ្ឌូនេស៊ី នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព៕