(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន។

វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក សោម សុផល្លា នាយកវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ និងលោក សាំង សុផល តំណាងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ តំណាងមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញផងដែរ។

នាយកវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បានណែនាំ​ឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ ក្នុងសាលារៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់​ស្តាប់នូវគោលការណ៍សំខាន់នៃច្បាប់ ដែលវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និងសូមផ្តល់នូវមតិយោបល់ ដោយ លើកឡើងនូវសំណួរដើម្បីឱ្យវាគ្មិនធ្វើការបកស្រាយឱ្យបានច្បាស់លាស់ និងសំណូមពរមន្ត្រីអធិការកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យផលិតផលទំនិញ ពិសេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ សំដៅទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។

ក្នុងឱកាសនោះ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួង ពាណិជ្ជកម្ម ដោយបានទទួលកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត បានរៀបចំកម្មវិធី ផ្សព្វផ្សាយអំពី ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។

កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះ នូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ​ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជន​ដែលជាអាជីវករ​ប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូយល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ច​របស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍​សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើកកម្ពស់ការប្រកួតប្រជែង​ប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែក​កសាងខឿន​សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឱ្យដឹងថា មុនវគ្គផ្សព្វផ្សាយនេះ មន្ត្រីជំនាញ ក៏បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមតូបលក់អាហារក្នុងសាលា និងបានចែកជូនផ្ទាំងរូបភាព អំពីសុវត្ថិភាពម្ហូបអាហារចំនួន៣៥០សន្លឹក ហើយវគ្គផ្សព្វផ្សាយនេះមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលាសរុបប្រមាណ៣០៥នាក់ ដែលជាការផ្តល់ចំណេះដឹង ជាមូលដ្ឋាន សម្រាប់អ្នកប្រើប្រាស់បានស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់តុអាហារ។

នៅចុងបញ្ចប់ លោក ង៉ែត ចេក បានសំណូមពរ​ឱ្យអ្នកចូល​រួមវគ្គផ្សព្វផ្សាយយកវេទិកានេះ ជួយបន្តផ្សព្វផ្សាយ​ដល់ក្រុមគ្រួសារ ញាតិមិត្ត ឱ្យបានជ្រួតជ្រាប អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារ​ដែលមានសុវត្ថិភាព ផលប៉ះពាល់ពីការប្រើប្រាស់សារធាតុ​គីមីហាមឃាត់ក្នុងម្ហូបអាហារ ការផលិតដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលជាកត្តាបង្កគ្រោះដល់​សុខភាពរបស់យើងទាំងអស់គ្នា ដើម្បីសង្គមយើង គ្រួសារយើង ពិសេសខ្លួនយើង សូមប្អូនៗ ដែលជាសិស្សានុសិស្ស ជ្រើសរើសម្ហូបអាហារ មានអនាម័យ សុវត្ថិភាព និងគុណភាពហើយជៀសឱ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕