(ព្រៃវែង)៖ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ រវាងក្រសួងសុខាភិបាល និងមូលនិធិ GX កាលពីកន្លងទៅ, នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ មូលនិធិ GX បានបន្តបេសកកម្មវះកាត់ជំងឺបាយភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រៃវែង។
សម្រាប់ការវះកាត់ជំងឺភ្នែកឡើងបាយនៅថ្ងៃនេះ បានធ្វើឡើងក្រោយវត្តមាននាយកប្រតិបត្តិ មូលនិធិGX លោកស្រីសាស្ត្រាចារ្យ Emily Chan Ying Yang និងក្រុមគ្រូពេទ្យចិន ដែលប្រព្រឹត្តិទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោកស្រីសាស្ត្រាចារ្យ Emily Chan Ying Yang ក៏បានចុះទៅពិនិត្យទីតាំងគម្រោងក្នុងខេត្តព្រៃវែង និងសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ ក្នុងភូមិឃុំនៃស្រុកពារាំងផងដែរ។
ជាមួយគ្នានោះ អ្នកជំងឺដែលបានមកទទួលសេវាវះកាត់ព្យាបាលជំងឺភ្នែកឡើងបាយ បានសម្តែងនូវការសប្បាយចិត្ត និងរីករាយជាខ្លាំង។
ទន្ទឹមនឹងនោះលោកស្រីសាស្រ្តាចារ្យ ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងដែលបានចូលរួមលើកកម្ពស់សុខភាពភ្នែកជូនពលរដ្ឋកម្ពុជា។ លើសពីនោះលោកស្រីក៏បានថ្លែងអំណរគុណចំពោះការគាំទ្រពីក្រសួងសុខាភិបាក និងការលះបង់ពីក្រុមគ្រូពេទ្យខេត្តក្វាងស៊ី ខណៈដែលមូលនិធិ GX បានបញ្ចប់ដោយភាពជោគជ័យទទួលបាននូវការវះកាត់ជាង ១,៦០០នាក់ នៅក្នុងប្រទេសកម្ពុជារហូតមកដល់ពេលនេះ ដោយគ្មានទទួលបានផលវិបាកក្រោយការវះកាត់ណាមួយឡើយ។
សូមជម្រាបថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ អ្នកជំងឺនៅក្នុងស្រុកនេះបានទទួលការវះកាត់នៅក្នុងមជ្ឈមណ្ឌលព្យាបាលភ្នែកចល័តរបស់ មូលនិធិGX ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មូលនិធិ GX បាននិងកំពុងចាប់ដៃគូជាមួយនាយកដ្ឋានសុខាភិបាលក្នុងតំបន់យ៉ាងទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរៀបចំការដឹកជញ្ជូនសម្រាប់អ្នកជំងឺមកកាន់កន្លែងវះកាត់ចល័ត។
លោកស្រីសាស្រ្តាចារ្យបានបន្តថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់គម្រោងរបស់ មូលនិធិGX នៅក្នុងប្រទេសកម្ពុជា។ មូលនិធិ GX នឹងបន្តសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីលុបបំបាត់ករណីជំងឺភ្នែកឡើងបាយក្នុងខេត្តព្រៃវែង ឲ្យបានដល់គោលដៅនៃគម្រោង សរុបចំនួន ១ម៉ឺននាក់។
គួររម្លឹកថានៅខែកញ្ញា ឆ្នាំ២០២២ មូលនិធិ GX បានចាប់ផ្តើមគម្រោង លុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយនៅក្នុងប្រទេសឡាវ កម្ពុជា និងជីប៊ូទី ដោយបានបញ្ចប់ការវះកាត់ជំងឺភ្នែកឡើងបាយជាង ៤,១០០នាក់ ដោយឥតគិតថ្លៃ៕