(ភ្នំពេញ)៖ តាមការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យក្លឹបកម្សាន្ត នឹក Ex ដើម្បីត្រួតពិនិត្យច្បាប់អាជីវកម្ម និងបានណែនាំម្ចាស់ទីតាំងពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។
តាមការពិនិត្យជាក់ស្តែងឃើញថា ក្លឹបកំសាន្ត នឹក Ex មិនមានលិខិតអនុញ្ញាតបើកអាជីវកម្មក្លឹបកំសាន្តនោះទេ។ ការចុះមកពិនិត្យទីតាំងនេះគឺធ្វើឡើងជាលើកទី២ហើយ លើកទី១ បានចុះមកធ្វើកំណត់ហេតុ កាលពីថ្ងៃ១ ខែកញ្ញាឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះដោយក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំង៖
១៖ ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យបរិស្ថានឲ្យបានស្អាត និងត្រឹមត្រូវ មិនអាចយកទ្រូវផ្លូវធ្វើជាចំណតរថយន្ត ម៉ូតូឡើយ។
២៖ ការធ្វើអាជីវកម្មត្រូវមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម។
៣៖ មិនត្រូវបង្កសំលេងខ្លាំងៗរំខានដល់អ្នកជិតខាងជាដាច់ខាត។
៤៖ ហាមបម្រើសេវាផ្លូវភេទ។
៥៖ ក្នុងករណីម្ចាស់ទីតាំងមិនស្តាប់តាមការណឺនាំខាងលើម្ចាស់ទីតាំងនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រុមការងារ ក៏បានណែនាំដល់ម្ចាស់ទីតាំងត្រូវយកច្បាប់អាជីវកម្មមកបង្ហាញក្រុមការងារ តែមកដល់ថ្ងៃចុះត្រួតពិនិត្យលើកទី២នេះ (ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣) នេះ ម្ចាស់អាជីវកម្មនៅតែមិនទាន់ យកច្បាប់អាជីវកម្មមកបង្ហាញទៀត។ ដូច្នេះក្រុមការងារបានធ្វើកិច្ចសន្យាដោយទុករយៈពេល០១ថ្ងៃ គឺថ្ងៃស្អែក (ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩៖០០នាទីព្រឹក) ម្ចាស់អាជីវកម្មត្រូវយកច្បាប់អាជីវកម្មទៅបង្ហាញនៅរដ្ឋបាលខណ្ឌ (បើមាន)។ ក្នុងករណីមិនមានច្បាប់ទេរដ្ឋបាលខណ្ឌដូនពេញនឹងបិទអាជីវកម្មតែម្តង។
គួររំលឹកផងដែរថា ក្លឹបកំសាន្ត នឹក Ex ដែលភាគច្រើនក្មេងស្ទាវទៅកំសាន្តតែងបង្ករជម្លោះ បង្កការរំខានដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរខាងមិនសូវជាលោះថ្ងៃនោះទេ។ ក្រោយពីចុះធ្វើកិច្ចសន្យានៅក្លឹបកំសាន្ត នឹក Ex រួចមក ក្រុមការងារបានបន្តចុះពិនិត្យក្នុងមូលដ្ឋាន និងទីតាំងក្នុងបឹងកក់ព្រមទាំងណែនាំយុវចាស់ យុវជនក្រុមក្មេងៗដែលមកពពាក់ពពួន នៅលើសួនក្នុងតំបន់បឹងកក់ ឲ្យរក្សាអនាម័យ បរិស្ថានក្រោយពេលហូបចុករួច ចេះវិចខ្ចប់សំរាមដាក់ធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងហូបទីណាចោលនៅទីនោះ។
ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាផ្តល់ព័ត៌មានតាមផេករដ្ឋបាលខណ្ឌដូនពេញ ឬតាមរយៈទូរសព្ទលេខ ០១៧ ៨៨៤ ៨៨៨,០៨១ ៣៦៨ ៩៩៩, ០៨៨ ២៣៣៣៣៣៩ ដើម្បីជួយសម្របសម្រួលដល់ការងារបងប្អូន៕