(ព្រះវិហារ)៖ លោក អ៊ុក កឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យពួកគាត់ចូលរួមអនុវត្តការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ នៅតាមមូលដ្ឋានរបស់ពួកគាត់ឲ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីឲ្យខេត្តព្រះវិហាររបស់យើងក្លាយទៅជាខេត្តទទួលបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៥ ខាងមុខ។
ការថ្លែងអំពាវនាវរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងវគ្គ បណ្ដុះបណ្ដាលស្ដីពី ការជម្រុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំភោជនីយដ្ឋានលីហួត ស្ថិតនៅក្នុងក្រុងព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រី អភិបាល ក្រុង ស្រុក ទាំង៨ មន្ទីរ-អង្គភាពពាក់ព័ន្ធ និង អង្គការដៃគូរជាច្រើនរូប។
លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរ តំណាងលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមខែសីហារ ឆ្នាំ២០២៣នេះ អត្រាគ្របដណ្ដប់អនាម័យទូទាំងខេត្តស្មើ និង៦៨% ក្នុងនោះភូមិនិងឃុំ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មាន៤៦ភូមិ ក្នុង២៣២ភូមិ និងឃុំមាន៤ឃុំ ក្នុងចំណោម៥១ឃុំសង្កាត់ ទូទាំងខេត្តព្រះវិហារ។
លោកស្រីថ្លែងថា ក្នុងនោះស្រុកជ័យសែន មានអត្រាគ្របដណ្ដប់អនាម័យ ស្មើនិង៧៦% ស្រុកឆែប៦៨% ស្រុកជាំក្សាន្ត៧០% ស្រុកគូលែន៦៧% ស្រុករវៀង៦៨% ស្រុកសង្គមថ្មី៥៣% ស្រុកត្បែងមានជ័យ៧៤% និងក្រុងព្រះវិហារ៨០%។ ដោយផ្អែកលើទិន្ន័យនេះទូទាំងខេត្តព្រះវិហារ ភាគរយនៃខ្នងផ្ទះដែលគ្មានបង្គន់អនាម័យប្រើប្រាស់ប្រមាណ៣២%។
នៅក្នុងឱកាសនេះដែរ លោក អ៊ុក គឹមសាន្ត បានថ្លែងអំណរគុណទៅដល់អង្គការ UNICEF ដែលបានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធមួយចំនួន រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានបើកវគ្បណ្ដុះបណ្ដាល «ស្ដីពីការពន្លឿនស្ថានភាពបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល» នាថ្ងៃនេះ។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន ក៏បានថ្លែងផ្ដល់ក្ដីសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ គឺជាធាតុចូលដ៏សំខាន់ក្នុងការផ្ដល់នូវបទពិសោធន៍ និងចំណេះដឹងល្អៗ ក៏ដូចជាគន្លឹះសំខាន់ៗ ទៅដល់សិក្ខាកាមទាំងអស់ដែលបានចូលរៀននៅក្នុងវគ្គនេះ។
លោកក៏បានជំរុញទៅដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដាប់ និងតាមដាននូវការពន្យល់របស់គ្រូឧទ្ទេស ដែលមានបទពិសោធន៍ក្នុងការងារជំរុញ បំផុសប្រជាពលរដ្ឋលើការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ។
លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងដោយក្តីសង្ឃឹមថា លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងពីវគ្គបណ្ដុះ បណ្ដាលនាថ្ងៃនេះ ទៅដឹកនាំបំផុស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីឲ្យពួកគាត់ចូលរួមអនុវត្តន៍លើការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ នៅតាមមូលដ្ឋានរបស់ពួកគាត់ ដើម្បីឲ្យខេត្តយើងក្លាយទៅជាខេត្ត ទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៥ខាងមុខនេះ៕