(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្ដីរំពឹងទុកថា នៅក្នុងឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលពន្ធបានគ្រប់ផែនការ នៃច្បាប់ថវិកាជាតិ ចំនួន៣,៥៧១លានដុល្លារអាមេរិក។

ការបង្ហាញក្ដីរំពឹងទុកបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួម ក្នុងវេទិកាពន្ធ ២០២៣ ដែលរៀបចំដោយសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា គាំទ្រដោយអគ្គនាយកដ្ឋានពន្ធដារ។ ពិធីនេះ រៀបចំធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំនេះ ដោយសារតែមានកំណើនសេដ្ឋកិច្ច មានការធ្លាក់ចុះ វិស័យមួយចំនួន មានការថមថយ ដូច្នេះចំណូលអាជីវកម្មមួយចំនួន មានការប៉ះពាល់ អីចឹងចំណូលគ្រោងទុក ដល់ចុងឆ្នាំ យើងអាចប្រមូលចំណូលគ្រប់ផែនការ បើប្រៀបធៀបជាមួយវិស័យផ្សេងទៀត ដែលមានការថមថយ»។

លោក គង់ វិបុល បានឲ្យដឹងថា តាមការព្យាករណ៍ របស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឆ្នាំ២០២៣នេះ ទោះបីជាគ្រោងផែនការថវិកាដាក់មកថា កំណើនសេដ្ឋកិច្ច ៦.៥ភាគរយ ប៉ុន្ដែបានព្យាករណ៍ឡើងវិញ នៅសល់៥.៥ភាគរយ ក៏អគ្គនាយកដ្ឋានពន្ធដារ មិនបន្ថយតួលេខចំណូលផងដែរ គឺពន្ធដារនៅតែអាចប្រមូលចំណូលពន្ធបានតាមគ្រប់ផែនការ។

ទន្ទឹមគ្នានេះ លោក គង់ វិបុល បានគូសបញ្ជាក់ថា រយៈពេល១០ឆ្នាំកន្លងទៅនេះ តាំងពីអគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំកិត្ដិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ឃើញថា ក្នុងការកែទម្រង់ស៊ីជម្រៅនេះ ការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ គឺមានការកើនឡើងក្នុងរង្វង់២០ភាគរយ ទៅ២៥ភាគរយជានិច្ច ជារៀងរាល់ឆ្នាំ។

លោក គង់ វិបុល បានលើកឡើងទៀតថា ទោះបីសេដ្ឋកិច្ចព្យាករណ៍ថា ឡើងក្នុងរង្វង់៦ភាគរយ ទៅ៧ភាគរយក្ដី ក៏ចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ មានការកើនឡើង ក្នុងរង្វង់២០ភាគរយ ទៅ២៥ភាគរយ ដែលនេះជាលទ្ធផលមួយជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានឲ្យដឹងផងដែរថា តាមការណែនាំ និងការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំអគ្គនាយកដ្ឋាន ប្រមូលចំណូលទទួលបានជោគជ័យ ដែលពន្ធដារ ប្រមូលបានចំណូលលើសផែនការ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។

សូមរំលឹកថា ឆ្នាំ២០២៣នេះ ចំណូលពន្ធផ្ទៃក្នុង ដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងត្រូវបានកំណត់ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ តម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឲ្យបានមានចំនួន ១៤,៤៦៥.៣៩ប៊ីលានរៀល ស្មើនឹង ៣,៥៧១.៧០លានដុល្លារ កើនឡើង២៦.៧០% ធៀបនឹងផែនការច្បាប់ថវិកា ឆ្នាំ២០២២៕