(ស្វាយរៀង)៖ យ៉ាងហោចណាស់កម្មការិនី១២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ច ជួយដឹកមកកាន់មន្ទីពេទ្យ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៏ នៅលើកំណាត់ផ្លូវជាតិលេខ១ រវាងរថយន្តដឹកកម្មករដូចគ្នាបុកគូទពីក្រោយទិសដៅស្របគ្នាពីកើតទៅលិច នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
លោកអ៊ុច សារ៉ន នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ចំណុះ២តោនកន្លះពណ៌ខៀវ ផ្លាកលេខកំពង់ធំ 3A-0272 បើកបរដោយឈ្មោះនួន ម៉ុន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបើករថយន្តដឹកកម្មករ រស់នៅភូមិក្រញ៉ូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកពីក្រោយរថយន្តម៉ាក HYUNDAI ចំណុះ៥តោន ផ្លាកលេខស្វាយរៀង 3A-1459 ពណ៌ស បើកបរដោយឈ្មោះរស់ សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើករថយន្តដឹកកម្មករ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទិសដៅស្របគ្នាពីកើតទៅលិច តែម្ដង។
លោកថា នៅពេលនោះបណ្ដាលឲ្យកម្មការិនីនៅលើរថយន្តពាក់ស្លាកលេខកំពង់ធំ 3A-0272 រងរបួសចំនួន១២នាក់ ក្នុងនោះរបួសធ្ងន់៤នាក់ ស្រាល៨នាក់។
ក្រោយពេលកើតហេតុភ្លាមអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់។ បច្ចុប្បន្នអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាល នៅពេទ្យខេត្តស្វាយរៀង ដោយឡែករបួសស្រាលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកជីភូ។
រីឯវត្ថុតាងរថយន្តមួយគ្រឿងខូចធ្ងន់ធ្ងររក្សាទុកនៅភូមិថ្នល់ជាតិ និងមួយគ្រឿងទៀត ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបងឡើងដោយមូលហេតុរថយន្តម៉ាក HYUNDAI ស្លាកលេខកំពង់ធំ 3A-0272 បើកបរ ជែងគ្មានសណ្តាប់ធ្នាប់ក្នុងស្ថានភាព មានគ្រោះថ្នាក់ មិនគោរពច្បាប់ចរាចរណ៍៕