(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ជាតំណាងអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥២ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន គ្រូបង្គោល ក្រុមការងាររៀបចំ វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥២ ដែលមានសិក្ខាកាមចំនួន ១៤៥នាក់ (ស្រី០២នាក់) និងមានគ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍ខ្ពស់ក្នុងកិច្ចការជាមន្រ្តីនគរបាលយុត្តិធម៌ និងការងារដឹកនាំជំនាញកងកម្លាំងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានលើកទឹកចិត្តដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលឈរជើងនៅតាមបណ្ដាគោលដៅនានា ត្រូវបន្ដសហការ និងរាយការណ៍ជូនកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានបទល្មើសកើតឡើង ឬសង្ស័យថា ទីតាំងដែលខ្លួននៅក្បែរនោះអាចនឹងមានការប្រព្រឹត្តបទល្មើសផ្សេងៗ។ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវដើរតួជាពលរដ្ឋល្អ និងមហាជនល្អ ហើយជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវសហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។
បើតាមលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី នៅពេលភ្នាក់ងារសន្ដិសុខឯកជន បានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថា ស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់តាមរយៈលេខទូរស័ព្ទដែលបានផ្ដល់ជូន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។ លើសពីនេះ ត្រូវបន្ដរួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានណែនាំថា ភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ពោលត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។
បន្ថែមពីនេះ លោកបានជំរុញឲ្យនាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា (បន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល) ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ហើយសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានស្នើក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវគិតគូរអំពីការស្នើសុំប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) ដល់ភ្នាក់ងាររបស់ខ្លួនដែលពុំទាន់មាន ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៥២ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលសិក្ខាកាមចំនួន១៤៥នាក់ (ស្រី២នាក់) ក្នុងនោះ នាយ-នាយនគរបាលរង នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំនួន៥នាក់, ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៨១នាក់ មកពី៦៧ក្រុមហ៊ុន និងភ្នាក់ងារសន្តិសុខឯកជនមិនបម្រើសេវាកម្ម ចំនួន៥៩នាក់ មកពី២៨សហគ្រាសគ្រឹះស្ថាន។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥២លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៨,៩៨៩នាក់ (ស្រី២០៤នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២០៨នាក់ (ស្រី១៧នាក់)។
លោកបន្ដថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា ភ្នាក់ងារសន្តិសុខ ដែលបានឆ្លងវគ្គបំប៉នជំនាញនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អាប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព។ ជាមួយគ្នានេះ លោកលើកទឹកចិត្តដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវរាយការណ៍អំពីសភាពការណ៍ ឬបទល្មើស ដែលបានកើតឡើងនូវតាមបណ្តាគោលដៅរបស់ខ្លួន ទៅដល់សមត្ថកិច្ច មូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ជាពិសេសបទល្មើស គ្រឿងញៀន៕