(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ការិយាល័យគយ និងរដ្ឋាករទន្លេចាម, សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារស្កែនកុងតឺន័រ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ស្ថានីយស្កែនគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ និងសម្ពោធការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិម៉ឺនជ័យ។
ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ពាង ណារិទ្ធ អភិបាលរងខេត្ត លោក ទន់ ចាន់ធី ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ព្រមទាំងកងកម្លាំងទាំងបី ប្រធានមន្ទីរពាក់ព័ន្ធ ប្រធានសាខាគយ និងរដ្ឋាករតាមច្រកព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
អគ្គបណ្ឌិតសភាចារ្យលើកឡើងថា ភារកិច្ចសំខាន់របស់គយ និងរដ្ឋាករ គឺការងារកៀរគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ ព្រមទាំងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ជាមួយគ្នានោះ អគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញដល់សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ និងមន្ត្រីគយទាំងអស់ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យការប្រមូលពន្ធជូនរដ្ឋតាមគ្រប់ផែនការ ក៏ដូចជាលើសផែនការ សម្រាប់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សូមជម្រាបថា ម៉ាស៊ីនស្គែន អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានាទាំងអស់ បានផុសរូបរាងឡើង យ៉ាងប្រណិតតាមស្តង់ដារ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ នឹងជួយបង្កបរិយាកាសការងារកាន់តែល្អ ដល់មន្ត្រីគយ បន្តបំពេញការងារប្រមូលពន្ធកាន់តែល្អថែមទៀត ជាពិសេសជួយពន្លឿនកិច្ចការងារត្រួតពិនិត្យតាមស្តង់ដារ និងធានាបាននូវរាល់ទំនិញត្រឹមត្រូវតាមច្បាប់៕