(ស្វាយរៀង)៖ មុខសញ្ញាចោរលួចយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ ធ្វើការដេញតាមបង្ក្រាបបាននៅចំណុចភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វារៀង រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពៅ វ៉ាយុ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ យ៉ង ពឿន អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ នាង សុវិសាល ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន។

ប្រភពបន្តថា នៅម៉ោង ២៖៣០នាទី រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមចោរមានគ្នាចំនួន ២នាក់ ជិះមូតូ១គ្រឿង បានចូលលូចផ្ទះឈ្មោះ នាង សុវិសាល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូបង្រៀន។ នៅពេលក្រុមចោរធ្វើសកម្មភាព មានប្រជាពលរដ្ឋបានឃើញក្រុមចោរក៏ស្រែកនាំគ្នាព័ទ្ធចាប់បាន១នាក់ ឈ្មោះ ពៅ វ៉ាយុ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា បក្សខ្លួនមានគ្នាម្នាក់ទៀត ឈ្មោះ យ៉ង ពឿន ហើយខ្លួនក៏ធ្លាប់ជិះម៉ូតូឌុបគ្នាមកលួច ទ្រព្យសម្បត្តិផ្ទះប្រជាពលរដ្ឋ មិនស្គាល់ឈ្មោះស្ថិតនៅភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ បានចំនួន២លើកមកហើយ។

សមត្ថកិច្ចបន្ថែមថា វត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាក Viva ១គ្រឿង គ្មានស្លាកលេខ អំពូលសូឡា ១គ្រឿង និងសម្ភារសោមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕