(ភ្នំពេញ)៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាជាមួយប្រជាពលរដ្ឋក្នុងសហគមន៍សាមគ្គីរុងរឿង រស់នៅតាមខ្នងប្រឡាយ១០៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ សរុប ១១៣ គ្រួសារ និងបាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ អង្ករមួយប៉ាវ។ 

ក្នុងឱកាសនោះលោក កៀង ល័ក្ស បានអរគុណដល់សមាជិកសមាជិការរបស់គណបក្សប្រជាជនទាំងអស់ដែលបានចូលរួមទៅបោះឆ្នោតទាំងអស់គ្នាសម្រាប់នីតិកាលទី៧នេះ។ លោកអភិបាល ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយសហការរាយការណ៍ជូនអាជ្ញាធរ ពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាក្មេងទំនើង ជាដើម ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍បានទាន់ពេលវេលា។

ជាចុងក្រោយ លោក កៀង ល័ក្ស ក៏អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅអមសងខាងប្រឡាយ១០ សូមកុំនាំគ្នាចោលសំរាមចូលទៅក្នុងប្រឡាយ ត្រូវវិចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវដើម្បីរក្សាបរិស្ថាន អនាម័យបានល្អប្រសើរទាំងអស់គ្នា៕